បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ អង្គរភាពអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការរង នាយ និង នាយរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទធ្វើបុណ្យកាន់បិណ្ឌវេនទី៣នៅវត្តសមាធិផល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមូលបានបច្ច័យបានចំនួន៧.៣៨៥.០០០រៀល និង២០ដុល្លារនិង១.០០០បាតយកទៅកសាងវត្តបន្តនិងថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនិងឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតា និង ញាតិទាំងឡាយក្នុងវត្តសង្សាជាដើម។
ក្នុងនោះគេឃើញមានរាជអាវុធហត្ថ និង ពុទ្ធបរិស័ទ បានបូជាទៀនធូបផ្កាភ្ញីចំពោះ ព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកូលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិកាទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះលោកអាចារ្យ អ៊ុង ភ័ណ បានមានប្រសាសន៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌវេនទី៣នៅវត្តសមាធិផលថា បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេក្នុងចំណោមបុណ្យធំៗជាប្រពៃណីខ្មែរច្រើនទៀតដែលប្រជាពលរដ្ឋបានគោរពបូជាឥតមានខ្ចោះនៅក្នុងប្រទេសកម្ពុជាយើងនេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះគេចាប់ផ្តើមធ្វើវេនបុណ្យទី១នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៨ខែតុលា ឆ្នាំ២០១៨ ជាថ្ងៃបិណ្ឌធំបញ្ចប់កម្មវិធីភ្ជុំបិណ្ឌនេះតែម្តង។
លោកអាចារ្យ អ៊ុង ភ័ណ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងភ្ជុំបិណ្ឌទាំង១៥ថ្ងៃនេះ ប្រជាពលរដ្ឋបាននាំគ្នាកាន់បាយម្នាក់១ស្រាក់ ធ្វើដំណើរទៅវត្តដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តរៀងៗខ្លួន។
លោកអាចារ្យបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឧកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ គឺជាការជួបជុំញាតិមិត្តបងប្អូនជិតឆ្ងាយដែលបែកគ្នាអស់រយៈពេលពេញ១ឆ្នាំ ដើម្បីមកជួបជុំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌនេះជាលក្ខណៈគ្រួសារហើយ ជាក្រុមៗផងទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments