Ad Code

ចិន​ចាប់​ចិន​ជំរិត​ទារប្រាក់​នៅ​កំពង់សោម ​ត្រូវ​ចាប់ខ្លួន​២​នាក់



ព្រះសីហនុ ៖ កាលពី​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០១៨​សម​ត្ថ​កិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​ការ​ចាប់​ឃុំ​បង្ខាំង​ជន​ជាតិចិន​ដូចគ្នា​ម្នាក់ ជំរិត​ទារប្រាក់​ចំនួន​១៥០០០​ដុល្លារ​អាមេរិកក។

ជនសង្ស័យ​ឈ្មោះ SHUI TAO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ E០៥៥៩៤១៩៥ ស្នាក់នៅ​មិន​ពិតប្រាកដ មិន​ប្រាប់​ពី​កន្លែង​ស្នាក់នៅ។ ម្នាក់ទៀត​ឈ្មោះ WEN MENGMENG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេ​ខ ED៥២៨៧១៧៥ ស្នាក់នៅ​មិន​ពិតប្រាកដ (​មិន​ព្រ​ប្រាប់​ពី​កន្លែង​ស្នាក់នៅ)។

ចំណែក​ជនរងគ្រោះ​ឈ្មោះ TIAN WENTAO ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេ​ខ​ED២៩៣៦៧៦៧ ស្នាក់​ភូមិ​២ សង្កាត់​២ ក្រុង-ខេត្ត​ព្រះសីហនុ។

សម​ត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៥ កញ្ញា វេលា​ម៉ោង​ប្រមាណ​៧​យប់ មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ទៅ​រាយការណ៍​សម​ត្ថ​កិច្ច​ថា ប្អូនប្រុស​របស់​គាត់​ត្រូវ​បាន​ជន​ជាតិចិន​មួយ​ក្រុម ចាប់​ឃុំ​ទុក​ក្នុង​បន្ទប់​មួយ​មិន​ស្គាល់​កន្លែង ដោយ​មូលហេតុ ប្អូន​គាត់​នៅ​ជំពាក់​លុយ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​១៥ ០០០​ដុល្លារ ដោយ​ពួកគេ​បាន​តម្រូវ​ឲ្យ​យកលុយ​សង ទើប​ដោះលែង​ប្អូន​គាត់​មកវិញ។

បន្ទាប់ពី​ទទួល​បាន​សេចក្តីរាយការណ៍​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ ឲ្យ​ទៅ​សហការ​ជាមួយ​ក​នគរបាល​មូលដ្ឋាន បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ជាបន្ទាន់។ ខណៈ​ពេលនោះ​ជនសង្ស័យ​បាន​នឹង​កំពុង​ណាត់​បងប្រុស​ជនរងគ្រោះ ឲ្យ​ទៅ​ជួប​នៅ​មុខកា​ស៊ី​ណូ វ៉ាង​ឆាវ ស្ថិត​ក្នុងភូមិ​៤ សង្កាត់៤ សមត្ថកិច្ច​ក៏​បាន​ដាក់​ការ​ឡោមព័ទ្ធ និង ឃ្លាំ​ចាប់​ជនសង្ស័យ​តែម្ដង។ មិន​ប៉ុន្មាន​ជនជាតិ​ចិន​២​នាក់ បាន​ទៅ​ជួប​បងប្រុស​ជនរងគ្រោះ ហើយ​ចង់​ចាប់​បងប្រុស​របស់​ជន​រងគ្រោះ​ធ្វើជា​ចំណាប់ខ្មាំង​ម្នាក់ទៀត តែ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តែម្តង​ទៅ។

ក្រោយពេល​សម​ត្ថ​កិច្ច​ចាប់ខ្លួន​ជនសង្ស័យ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដើរ​ចេញពី​កា​ស៊ី​ណូ វ៉ាង​ឆាវ មក​រក​សមត្ថកិច្ច​ដែរ។ សម​ត្ថ​កិច្ច​បាន​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ​មាន ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក IPHONE X ពណ៌​ស​ រថយន្ត០១​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ស្លា​កលេ​ខ បាត់ដំបង 2A-6855។

ករណីនេះ​បាន​កើត​ឡើង​ដោយសារ កាលពី​២​ខែ​មុន ជនរងគ្រោះ​បាន​ទៅលេង​ល្បែង​នៅកាស៊ី​ណូ ហ្គា​ន់​តាវ ស្ថិត​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ហើយ​បាន​ខ្ចី​កាក់​ពី​ក្រុម​ជនសង្ស័យ​ចំនួន ៣,០០០​ដុល្លារ​អាមេរិក ដើម្បី​លេងល្បែង លុះ​ពេល​លេង​ចាញ់​អស់​លុយ​ជនរងគ្រោះ បាន​សង​ប្រាក់​ទៅ​ឲ្យ​ក្រុម​ជនសង្ស័យ​ចំនួន​១,៥០០​ដុល្លារ​អាមេរិក​សិន ដោយ​សន្យា​ថា នៅសល់ ១,៥០០​ដុល្លារ ទៀត សង​ពេល​ក្រោយ។ រហូតដល់​ថ្ងៃទី​២៣ កញ្ញា វេលា​ម៉ោង​១០​យប់ ជនសង្ស័យ​បាន​ទៅ​កាស៊ីណូ វ៉ាង​ឆាវ ក៏​ឃើញ​ជនរងគ្រោះ​នៅ​ទីនោះ ហើយ​ជនរងគ្រោះ​នៅតែ​មិន​សង​ប្រាក់​ទៅ​ជនសង្ស័យ​ដែរ ទើប​ត្រូវ​បាន​ជនសង្ស័យ​ចាប់​ជនរងគ្រោះ​ចូល​រថយន្ត យក​ទៅ​ឃុំ​នៅ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​តែម្តងទៅ។

ឥឡូវ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សម​ត្ថ​កិច្ច​កំពុង​ធ្វើ​ការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu