Ad Code

សាលាក្តី​ខ្មែរក្រហម នឹង​ប្រកាស​សាលក្រម​សំណុំរឿង​០០២ វគ្គ​០២ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ



ភ្នំពេញ ​៖ អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) បាន​ចេញ​ដីកា​កំណត់​កាលបរិច្ឆេទ​ប្រកាស​សាលក្រម​នៅក្នុង​សំណុំរឿង​០០២ វគ្គ​០២ ដោយបាន​បញ្ជាក់ថា នឹង​ប្រកាស​សាលក្រម​សំណុំរឿង​០០២ វគ្គ​០២ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា អនុលោម​តាម​វិធាន​១០២ (១) នៃ​វិធាន​ផ្ទៃក្នុង អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ប្រកាស​សេចក្តី​សំអាង​ហេតុ និង​ផ្នែក​នៃ​សេចក្តី​សម្រេច​នៃ​សាលក្រម​ក្នុង​សំណុំរឿង​០០២ វគ្គ​០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជាង និង​ខៀវ សំផន នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នៅក្នុង​សាល​សវនាការ​ធំ​នៃ​អ​.​វ​.​ត​.​ក ចាប់ពី​ម៉ោង ០៩និង៣០ នាទី​ព្រឹក​។

សវនាការ​ដេញដោល​ពិនិត្យ​ភ័ស្តុតាង​សំណុំរឿង​០០២/០២ បានចាប់ផ្តើម​ដោយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​នៅ​ថ្ងៃទី​១៧ ខែ តុលា ឆ្នាំ ២០១៤ និង​បានបញ្ចប់​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​។ ការជំនុំជម្រះ រួមទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ផង មាន​រយៈពេល​សរុប​ចំនួន​២៨៣​ថ្ងៃ​។ ក្នុងអំឡុងពេល​សវនាកា​រ​នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន ១៨៥ នាក់ ក្នុងនោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន ១១៤ នាក់ ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៦៣ នាក់ និង​អ្នកជំនាញ​ចំនួន ៨ នាក់​។

សវនាការ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន ដោយមាន​សាធារណជន​ចូលរួម​ស្តាប់ និង​តាមដាន​សវនាការ​នេះ​ដោយ​ផ្ទាល់ សរុប​ចំនួន ៨២ ៧៨០ នាក់​។ ជនជាប់ចោទ​ដែល​ត្រូវ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​០០២ វគ្គ​០២ មាន​នួន ជា ដែល​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់​លើ​អង្គហេតុ​ដូចតទៅ ការដ្ឋាន​ការងារ និង​សហករណ៍ (​សហករណ៍​ត្រាំកក់ ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ការដ្ឋាន​ទំនប់ ១ មករា និង​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង​) មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​មនុស្ស (​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​) អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ចាម និង​វៀតណាម ការប្រព្រឹត្តិ​ចំពោះ​ពុទ្ធសាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំងប្រទេស​។

អង្គ​ជំនុំជម្រះ​ក៏បាន​បើកសវនាការ​ដេញដោល​ពិនិត្យ​ភស្តុតាង​លើ​ការចោទប្រកាន់​អំពី​លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​រដ្ឋាភិបាល រួម​ទាំង​ភស្តុតាង​ស្តី​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu