បាត់ដំបង ៖ គ្រឿងអលង្ការ មួយចំនួន ដែលសរុបជាទឹកប្រាក់ប្រមាណ ២០០០ ដុល្លារ ត្រូវបានជនមិនស្គាល់មុខ កាត់ចម្រឹងដែកបង្អួចចូលលួចដល់ក្នុងបន្ទប់ ខណៈដែលម្ចាស់ផ្ទះមិននៅ ដោយបានបិទទ្វារចោល រវល់ឡើងទៅទីក្រុងភ្នំពេញ ដើម្បីចូលរួមពិធីបុណ្យសពឪពុក។
ករណីគាស់ទម្លុះទម្លាយនេះ គឺក្រុមជនមិនស្គាល់មុខហាក់បីដូចជាដឹងថា ម្ចាស់ផ្ទះ ត្រូវធ្វើដំណើរឡើងទៅភ្នំពេញយ៉ាងដូច្នេះដែរ ព្រោះនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ប្រហែលជាម៉ោង ៨ និង ៣០ នាទី ព្រឹក ម្ចាស់ផ្ទះដែលមានឈ្មោះ លឹម ម៉េងគារ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លោកបានចេញទៅភ្នំពេញដោយបានបិទទ្វារផ្ទះចោល។
លុះនៅវេលាម៉ោង ៣ និង ៣០ នាទី ល្ងាច ថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើល ដោយសារតែកូនម្ចាស់ផ្ទះ បានប្រទះឃើញចម្រឹងបង្អួចខាងក្រោយផ្ទះត្រូវបានជនមិនស្គាល់មុខកាត់ដើម្បីចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ ព្រោះផ្ទះនេះគ្មានអ្នកនៅទេ ដោយសារតែកូនប្រុសបង្កើតរវល់នៅមើលកន្លែងលក់គ្រឿងសំណង់។
លោក លឹម ផល្លី អាយុ ៣៣ ឆ្នាំ ជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ តាំងទៀហុង II និងត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ បានរៀបរាប់ថា ការបាត់បង់ទ្រព្យសម្បត្តិនេះ ដូចជាមិនធំដុំអីទេ ព្រោះឪពុកគាត់ទុកលុយនៅធនាគារអស់ហើយ ដោយគាត់ទុកជាប់នឹងខ្លួនសម្រាប់ចាយបន្តិចបន្តួចតែប៉ុណ្ណោះ រីឯគ្រឿងអលង្ការ ដែលជនមិនស្គាល់មុខប្រមូលយកពីក្នុងកែស ក៏មិនមានច្រើនដែរ បើគិតជាទឹកប្រាក់ប្រហែល ២០០០ ដុល្លារតែប៉ុណ្ណោះ។
ម្យ៉ាងទៀតការឆោឡោឡើងនេះ គឺបន្ទាប់ពីគាត់បានប្រើបុគ្គលិកស្រីគាត់ម្នាក់ អោយទៅផ្ទះឪពុករបស់គាត់ដែលមានចម្ងាយពីដេប៉ូប្រមាណ ១០០ ម៉ែត្រ ដើម្បីទៅយកផ្លែល្ហុងមកញុំា ពិសេសអោយទៅយកទឹកដោះគោមកអោយកូនគាត់បៅផង លុះពេលទៅដល់ក៏ផ្ទះមានសភាពរាយប៉ាយ ព្រមទាំងមានការកាត់ចម្រឹងបង្អួចផងនោះ ទើបនាងបានរត់មកប្រាប់ខ្លួនវិញ។
ជុំវិញបញ្ហានេះដែរ សមត្ថកិច្ចបានសន្និដ្ឋានថា ការកាត់ចម្រឹងបង្អួចនេះ អាចចន្លោះពីម៉ោង១០ ព្រឹក ទៅម៉ោង ១២ ថ្ងៃត្រង់ នាថ្ងៃដែលម្ចាស់ផ្ទះចេញឡានទៅកាន់ទីក្រុងភ្នំពេញនោះតែម្តង ហើយនៅព្រឹកថ្ងៃទី ២៨ នេះ កំលាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកសង្កែ រួមនឹងកម្លាំងខេត្ត បានចុះត្រួតពិនិត្យទីតាំងដែលមានកាមេរ៉ាសុវត្ថិភាព ដែលនៅក្បែរទីនោះ ដើម្បីស្វែងរកមុខសញ្ញាដែលគាស់ទម្លុះទម្លាយនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments