Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ចូលជួប​ជម្រាបលា​



​ភ្នំពេញ​ ៖ ខណៈដែល​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ស្យុ​ង ព័រ បាន​ឈាន​ដល់ពេល​បញ្ចប់​អាណត្តិ​ការទូត​របស់​ខ្លួន ប្រចាំ​នៅ​កម្ពុជា បន្ទាប់ពី​បាន​បំពេញការងារ​អស់​រយៈពេល​ពីរ​ឆ្នាំ​ប្រកបដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការកិច្ច បាន​អនុញាត​ឱ្យ​ឯកអគ្គរដ្ឋទូត រូបនេះ ចូល​ជួប​ជម្រាបលា និង​សំដែង​ការគួរសម នៅ​ទីស្តីការក្រសួង។

នៅក្រោយ​បញ្ចប់​ជំនួប​នេះ​លោក​ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានឱ្យដឹងថា តាមរយៈ​នៃ​ជំនួប​នេះ​លោក​ស្យុ​ង ព័រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ បាន​ជំរាបជូន​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ថា ៖​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ឯ​,​ឧ បានធ្វើ​កិច្ចការងារ​ជាច្រើន ពិសេស ជួយ​សម្របសម្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច ឯកឧត្តម​ប្រធានាធិបតី​ចិន Xi Jinping,​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង មកកាន់ កម្ពុជា ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​ចិន​ផងដែរ​។​

លោក​មន្ត្រីការទូត​រូបនេះ បាន​ជំរាបជូន​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថា មុននេះ​លោក​ត្រូវបាន​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ចូល​សម្តេច​ជួប​ថ្លែងអំណរគុណ និង​ជំរាបលា​ផងដែរ ។​

លោក​ស្យុ​ង ព័រ ក៏បាន​ជម្រាបជូន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ថា ក្នុង​រយៈពេល ២​ឆ្នាំ​មកនេះ គឺ​បាន​យកចិត្តទុកដាក់​ខ្លាំង​នៅក្នុង​ការជំរុញ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត ដែល​ក្នុងនោះ ទទួលបាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់ ដើម្បី​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ចិន​-​កម្ពុជា ដល់​ចំណុច​ថ្មី​មួយទៀត ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ឯ​,​ឧ ស្យុ​ង ព័រ និង​មន្ត្រីការទូត​របស់​ចិន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន បាន​រីកចម្រើន​ដល់​កម្រិត​ខ្លាំង​ឡើង​ថែមទៀត ។​

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី បន្តថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​២​បាន​ឈានដល់​ចំណុច​ទី​១ គឺ​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ហើយ​ថ្មីៗ​នេះ ប្រធានាធិបតី​ចិន ឯកឧត្តម​ស៊ី ជីន​ពីង បាន​មានប្រសាសន៍ ថា កម្ពុជា​-​ចិន គឺជា​មិត្ត​ដែកថែប ដែល​កសាងឡើង ដោយ​ភាពស្មោះត្រង់​រវាង មិត្ត​និង​មិត្ត ។​

ជាមួយនេះដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជំរាបជូន​ឯកអគ្គរដ្ឋទូត​ចិន​ថា ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការកិច្ច បាន​អនុវត្ត​យ៉ាង​ល្អប្រសើរ ទៅនឹង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​រួចហើយ​ជាមួយ​អធិការកិច្ច​ចិន​កន្លងមក ហើយ​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ ក្រសួង​ត្រៀម​រៀបចំ​ទទួល​ប្រតិភូ​អធិការកិច្ច​របស់​ប្រទេស​ចិន ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ទស្សនកិច្ច​នេះ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​យល់ឃើញថា នឹង​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត លើ​វិស័យ​អធិការកិច្ច​រវាង​ប្រទេស​ទាំងពីរ ។​

ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រជាជន រដ្ឋាភិបាល​ចិន​ផងដែរ ដែល​តែងតែ​គាំទ្រ​កម្ពុជា​រហូតមក និង​សូម​ជូនពរ​ឲ្យ​ឯ​,​ឧ បានទទួល​ជោគជ័យ នៃ​បេសកកម្ម​ថ្មី​ថែមទៀត ។​

សូម​បញ្ជាក់​ថា លោក​ស្យុ​ង ព័រ ត្រូវបាន​រដ្ឋាភិបាល​ចិន ជ្រើសតាំង​ឲ្យ​មក​បំពេញ បេសកកម្ម​ការទូត​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៦ ហើយ​មកដល់ពេលនេះ មាន​រយៈពេល ២​ឆ្នាំ​ហើយ ដែល​លោក​ត្រូវបាន​បញ្ចប់​អាណត្តិ​ការទូត​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា សម្រាប់​ឯកអគ្គរដ្ឋទូត​ថ្មី ដែល​នឹងត្រូវ​មក​បន្ដ​បេសកកម្ម​ការ​ទូត​នេះ ក្រសួងការបរទេស​​កម្ពុជា មិន​ទាន់​បាន បញ្ជាក់​នៅឡើយ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu