ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះម្ចាស់រោងចក្រសហគ្រាសទាំ ងឡាយណាដែលមិនអនុវត្តការបើកប្រាក់ឈ្នួលជូនកម្មករចំនួនពីរដងក្នុង១ខែ ដែលនឹងអនុវត្តចាប់ពីខែមករាឆ្នាំ២០១៩តទៅ។
លោកបណ្ឌិតអ៊ិត សំហេងបានមានប្រសាសន៍ថា រោងចក្រសហគ្រាសណាដែលមិនអនុវត្តការបើកប្រាក់ឈ្នួលចំនួន២ដងក្នុង១ខែដល់កម្មករ ក្រសួងនឹងមានវិធានការផាកពិន័យឬប្តឹងទៅតុលាការឲ្យចាត់វិធានការទៅតាមផ្លូវច្បាប់ដើម្បីចាប់បង្ខំឲ្យរោងចក្រទាំងនោះអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រីបានបន្តថា «អានេះមិនបានទេត្រូវតែអនុវត្តព្រោះវាជាសេចក្តីប្រកាសមិនអនុវត្តត្រូវទទួលការផាកពិន័យបើការផាកពិន័យមិនស្តាប់ទេអាចបញ្ជូនទៅដល់តុលាការ ដូចនេះក្រុមហ៊ុនដែលស្ថិតនៅក្នុងច្បាប់ស្តីពីការងារទាំងផ្នែកផលិតកម្មសេវាកម្មអីចឹងគឺគ្មានផ្នែកណាមួយរួចទេត្រូវតែអនុវត្តទាំងអស់»។
លោកបណ្ឌិត រដ្ឋមន្ត្រីបានបន្តឲ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងតម្រូវឲ្យម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្រោមបទបញ្ញតិនៃច្បាប់ស្តីពីការងារត្រូវរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតចំនួនពីរដងក្នុង១ខែចាប់ពីខែមករា ឆ្នាំ២០១៩តទៅដោយត្រូវបើកលើកទីមួយនៅក្នុងសប្តាហ៍ទី២និងលើកទី២បើកនៅសប្តាហ៍ទី៤នៃខែនីមួយៗ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការបើកលើកទី១គឺស្មើនឹង៥០ភាគរយនៃប្រាក់ឈ្នួលសុទ្ធសាធក្នុងមួយខែនិងលើកទី២ស្មើនឹងចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសេសសល់ ប្រាក់ឈ្នួលបន្ទាប់បន្សំនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតដែលទទួលបាននៅក្នុងខែនីមួយៗ។
ចំណែក លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថាសមាគមនឹងអនុវត្តទៅតាមការណែនាំរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយបន្តការផ្សព្វផ្សាយសេចក្តីប្រកាសរប ស់ក្រសួងនេះទៅដល់ថៅកែរោងនិងម្ចាស់ចក្រនានាដើម្បីអនុវត្តការបើកប្រា ក់ឈ្នួលចំនួនពីរដងក្នុងមួយខែនេះជួនដល់បងប្អូនកម្មករនិយោជិតឲ្យបានទៀងទាត់និងមានប្រសិទ្ធភាពខ្ពស់។
សូមរំលឹកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់បានលើកឡើងថាគោលនយោបាយបើកប្រាក់ខែ ២ សប្តាហ៍ម្តងក្នុង១ខែនេះគឺដើម្បីធានាឱ្យកម្មករ-និយោជិតទាំងអស់គ្នាទទួលបាននូវប្រាក់ឈ្នួលពលកម្មជាប្រចាំ ដោយទៀងទាត់ និង ទាន់ពេលសម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួននិងដើម្បីកាត់បន្ថយហានិភ័យមួយចំនួននៅពេលរោងចក្របិទ ឬថៅកែបោះបង់ចោល។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារាជរដ្ឋាភិបាលក៏នឹងចាប់ផ្តើមអនុវត្តបើកប្រាក់បៀវត្សរ៍និងប្រាក់សោធនក្នុងរយៈពេល២សប្តាហ៍ម្តងក្នុង១ខែនេះជូនមន្ត្រីរាជការស៊ីវិលនិងជូននិវត្តជននិងអតីតយុទ្ធជននៅក្នុងឆ្នាំ២០១៩ខាងមុខផងដែរ។
ដោយឡែកចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនឹងរៀបចំធ្វើការសិក្សាដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ទៀត ដោយ សា រតែទីកន្លែងការងាររបស់កងកម្លាំងប្រដាប់អាវុធនៅដាច់ស្រយាលដែលនៅមិនទាន់មានសេវាធនា គារទៅដល់គ្រប់គ្រាន់នៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments