Ad Code

ដេ​ន​នី ក្វាន់ ទោះ​រវល់​ការងារ​ ក៏​ឆ្លៀតពេល​ចែក​អំណោយ​ប្រជាពលរដ្ឋ​នៅ​កំពង់ស្ពឺ​ចំ​រដូវ​ភ្ជុំបិណ្ឌ



ភ្នំពេញ ​៖ ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ថ្វីត្បិតតែ​បច្ចុប្បន្ន​ កំពុង​មាន​ការងារ​មមាញឹក​ខ្លាំង​លើ​អាជីព​បើក​របរ​រកស៊ី​ផ្ទាល់ខ្លួន​ស្ទើរ​គ្មាន​ពេល​សម្រាក​ក៏ពិតមែន​។​ ប៉ុ​ន្តែ​តារា​សម្តែង​សាច់​សខ្ចី​រូបនេះ ​នៅតែ​មិន​ភ្លេច​ឡើយ​លើ​សកម្មភាព​ការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​ខាត ចាស់ជរា និង​កុមារ​នៅតាម​សហគមន៍​ជាដើម​។​

ជាក់ស្តែង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមកនេះ​ កញ្ញា ដេ​ន​នី ក្វាន់​បាន​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​នាំយក​អំណោយ​និង​សម្ភារៈ​បរិភោគ​មួយចំនួន​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​​​ខ្វះខាត​ចាស់ជរា ចំនួន​៧​គ្រួសារ​ស្ថិតនៅ​ភូមិ ថ្មី ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អំណោយ​ទាំងនោះ​រួមមាន​៖​អង្ករ ,​មី ,​ត្រីខ ,​ទឹកត្រី ,​ទឹក​ស៊ីអ៊ីវ ,​ទឹកដោះគោ​,​សារុង ,​ក្រមា និង​ថវិកា​​មួយចំនួន​ផងដែរ។

កញ្ញា ដេ​ន​នី ក្វាន់ បាន​និយាយប្រាប់​ឲ្យ​ដឹង​នាពេលនោះ​ថា ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ក្រៃលែង​ព្រោះតែ​ឃើញ​ពួកគាត់​ដែល​បាន​ទទួលយក​អំណោយ​ពី​នាង​ខ្ញុំ​ទាំង​ភ្នែក​លាយ​ស្នាមញញឹម​។​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សប្បាយចិត្ត​រក​ពាក្យ​ថ្លែង​មិនត្រូវ ​ព្រោះ​ខែ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ គាត់​មិនមាន​សូម្បី​បាយ​ម្ហូប​សម្រាប់​ធ្វើ​ចង្ហាន់​យក​ទៅ​វត្ត​ដើម្បី​កាន់បិណ្ឌ​ដូច​គេ​ឡើយ​។​

តារា​ស្រី​ស្រស់ស្អាត​កញ្ញា ដេ​ន​នី ក្វាន់ បាន​បន្តទៀតថា​ ពួកគាត់​បាន​ប្រាប់ទៀតថា​តែ​ប៉ុណ្ណេះ​គឺ​គាត់​អាចមាន​លុយ​ខ្លះ​សម្រាប់​រៀបចំ​បាយ​ម្ហូប​យកទៅ​វត្ត​ដូច​គេ​ដូច​ឯង​បាន​ហើយ​គ្រាន់តែ​ឮ​ពាក្យ​ទាំងនេះ​បេះដូង​ខ្ញុំ​ស្ទើរតែ​ធ្លាក់​ដល់​ដី ហេតុអ្វី​បាន​ជីវិត​ពួកគាត់​លំបាក​យ៉ាងនេះ តែ​យ៉ាងណា​ខ្ញុំ​ក៏បាន​ជួយ​សម្រាល​ទុក​លំបាក​របស់​គាត់​បាន​មួយ​គ្រា​ដែរ​ ទោះ​វា​មិន​ច្រើន តែ​វា​ក៏​ជា​ទឹកចិត្ត​របស់ខ្ញុំ​ដែល​មាន​ចំពោះ​ពួកគាត់។

តារា​ស្រី​រាង​តូច​ច្រឡឹង​គួរ​ឲ្យ​ស្រលាញ់​កញ្ញា ដេ​ន​នី ក្វាន់ បន្ថែមទៀតថា ​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​កើត​ចេញពី​សេចក្តី​អាណិត​និង​ស្រលាញ់​ ហើយក៏​មិន​ចង់បាន ការ​តបស្នង​វិញ​ដែរ​ សូម​ត្រឹមតែ​ខ្ញុំ​អាច​អោយ​គាត់​ទាំងនោះ​មាន​ស្នាមញញឹម​គឺ​គ្រប់គ្រាន់​ហើយ​។ មួយជីវិត​នេះ​ខ្ញុំ​ជឿជាក់​លើ​ការធ្វើ​ល្អ​ទោះ​មិនមាន​អ្នកមើល​ឃើញតែ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ឃើញច្បាស់​ណាស់​។​

ជាការ​កត់សម្គាល់​នេះ​មិនមែន​ទើប​ជា​លើកដំបូង​នោះទេ​ដែល​តារា​សម្តែង​និង​ជា​ថៅកែ​ហាង​កញ្ញា ដេ​ន​នី ក្វាន់ បានបង្ហាញ​វត្តមាន​ចូល​រួម​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការចែក​អំណោយ សម្ភារៈ​សិក្សា ជួយ​ដល់​កុមារ​តាម​សហគមន៍ ​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការខ្វះខាត​នៅតាម​បណ្តា​ភូមិ​/​ស្រុក​មួយចំនួន៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu