Ad Code

ចិន​ និង​រុស្ស៊ី​អំពាវនាវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង



ប្រទេស​ចិន​និង​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវនាវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​ ដោយ​បដិសេធ​ការជំរុញ​របស់​អាមេរិក​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​អនុវត្ត ​ឲ្យ​បាន​ខ្លាំងក្លា​ បើទោះបី​ជាមាន​ទំនាក់ទំនង​កក់ក្តៅ​ក៏ដោយ។

​ដោយមាន​ការដឹកនាំ​ពី​សហរដ្ឋអាមេរិក​, ក្រុមប្រឹក្សាសន្តិសុខ​បានអនុម័ត​នូវ​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​ចំនួន​បី​កាលពី​ឆ្នាំមុន​ក្នុង​គោលបំណង​លុបចោល​ប្រាក់ចំណូល​របស់​កូរ៉េខាងជើង​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។​

រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ថា “​ការវិវត្ត​វិជ្ជមាន​” នៅក្នុង​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បូករួម​ទាំង​ទំនាក់ទំនង​កក់ក្តៅ​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ផងដែរ​គួរតែ​នាំ​ឲ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​។​

លោក Wang បាន​និយាយថា ក្រុមប្រឹក្សា​នេះ​គួរតែ​ពិចារណា​ដើម្បី​កែតម្រូវ​វិធានការ​ទណ្ឌកម្ម​ដោយ​យោងតាម​ការអនុលោម​របស់​កូរ៉េខាងជើង​។​

ស្របពេល​ជាមួយគ្នា​នោះ ប្រទេស​រុស្ស៊ី​បាន​គាំទ្រ​ការអំពាវនាវ​របស់​ចិន​ដែល​ឲ្យ​ពិចារណា​អំពី​ការដាក់ទណ្ឌកម្ម​។​

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​លើកឡើងថា វា​ដល់ពេល​ហើយ​ដើម្បី​បញ្ជូន​សញ្ញា​វិជ្ជមាន​មួយ​ទៅកាន់​ក្រុង​ព្យុងយ៉ាង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​សម្បទាន​។​

លោក Lavrov បាន​និយាយថា “​ជំហាន​របស់​កូរ៉េខាងជើង​ឆ្ពោះទៅ​ការដកហូត​អាវុធ​ជា​បន្តបន្ទាប់​គួរតែ​ត្រូវបាន​អនុវត្តតាម​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​”​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Mike Pompeo បាន​បើក​កិច្ចប្រជុំ​នេះ​ដែល​ធ្វើឡើង​ក្នុងអំឡុងពេល​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំឆ្នាំ​ដោយ​ទាមទារ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​។​

លោក Pompeo បាន​សម្តែង​ក្តីសង្ឃឹម​សម្រាប់ “​ថ្ងៃ​ថ្មី​” ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ប៉ុន្តែ​បាន​រក្សា​ការដាក់ទណ្ឌកម្ម​ដើម្បី​នាំ​កូរ៉េខាងជើង​ទៅកាន់​តុ​ចរចា​ហើយ​បាន​និយាយថា មិនគួរ​មានការ​គៀបសង្កត់​ឡើយ​។​

ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ក្រុង​ព្យុងយ៉ាង​ខណៈដែល​ប្រទេស​រុស្ស៊ី​បាន​ស្វាគមន៍​កម្មករ​រាប់ពាន់នាក់​របស់​កូរ៉េខាងជើង​ដែល​ក្រុម​សិ​ទិ្ធ​មនុស្ស​ចាត់ទុកថា​ជា​ប្រភព​ដ៏​សំខាន់​នៃ​រូបិយប័ណ្ណ​ដ៏​រឹងមាំ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu