ភ្នំពេញ ៖ កំពូលតារាចម្រៀងលំដាប់ប្រទេសរបស់ផលិតកម្មហង្សមាសលោក ព្រាប សុវត្ថិ ថ្មីៗនេះបានប្រកាសត្រៀមបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលនៅក្នុងសាច់រឿងនៃMVនេះ គឺមានបញ្ចូលឈុតល្ខោនខោល និងល្ខោនស្បែកធំ។ ប៉ុន្តែក្រោយពេលមានការទម្លាយបែបនេះបែរជាត្រូវរងការរិះគន់ពីសំណាក់បុគ្គលមួយចំនួនទៅវិញ។
ជាការពិតមួយរយៈនេះគឺមិនមែនមានតែតារាចម្រៀងលោកព្រាប សុវត្ថិនោះទេដែលបង្ហាញការឈឺឆ្អាលតាមរយៈការបំផុសឲ្យមហាជនមានការគាំទ្រនិងលើកស្ទួយវិស័យសិល្បៈតាមរយៈការបញ្ចូលឈុតសម្តែងទម្រង់ល្ខោនខោលនិងល្ខោនស្បែកធំនៅក្នុងបទចម្រៀងរបស់ខ្លួនពោលគឺមានអ្នកសិល្បៈនិងមហាជនជាច្រើនបាននាំគ្នាផុសផុលអំពាវឲ្យមានការគាំទ្រវិស័យមួយនេះ។
ទន្ទឹមពេលជាមួយគ្នានេះ នៅលើផេកហ្វេសប៊ុករបស់យុវជនល្ខោនខោលកម្ពុជា ថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់នឹងការសរសេរថា ការងារថ្ងៃនេះរបស់ពួកយើង។ សេង និង ណាន់ ចូលរួមសម្តែងក្នុងបទចម្រៀងថ្មីរបស់បងប្រុស ព្រាប សុវត្ថិ រួមគ្នាជ្រោមជ្រែងភាពថ្កុំថ្កើង នៃវប្បធម៌យើង ក្រុមយុវជនល្ខោនខោលកម្ពុជា។
បន្ទាប់ពីមានការបង្ហោះយ៉ាងដូច្នេះភ្លាមៗនោះ ក៏ស្រាប់តែមានការរិះគន់ពីសំណាក់អ្នកផលិតកម្មវិធីពញ្ញាក់អារម្មណ៍គឺលោក តាន់ គឹមសួរ បានលើកឡើងថា ហេតុអ្វីមិនធ្វើតាំងពីដំបូងមក ទើបតែពេលនេះលោក ព្រាប សុវត្ថិ បែរជាមកបង្ហាញសកម្មភាពអញ្ចឹងទៅវិញ។ តើលោកធ្វើនេះក្នុងន័យរបៀបណាឲ្យពិតប្រាកដ។
លោក តាន់ គឹមសួរ បានលើកឡើងដោយបញ្ជាក់ថា មុនមិនថត ក្រោយមិនថត ហេតុអីបានជាបង ព្រាប សុវត្ថិ មកថតនៅពេលហ្នឹង? បងចង់យកមុខយកមាត់មែន? បងចង់ល្បីមែន? នេះជាអ្វីដែលខ្ញុំតែងតែជួប បងត្រូវត្រៀមចិត្តឲ្យហើយទៅបងព្រោះថា គំនិតអវិជ្ជមានខ្លះនឹងកើតមានចំពោះអ្វី ដែលបងកំពុងធ្វើ។ គេពុំទាន់ដឹងច្បាស់ទេថា អត្ថន័យរបស់លោក តាន់ គឹមសួរ រិះគន់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ខាងលើនេះធ្វើឡើងក្នុងចេតនាអ្វីឡើយ៕
Source: Kampuchea Thmey Daily
0 Comments