អ្នកប្រដាល់ជើងចាស់ឈឿន ឆៃដែន ក្លិបនិរោធមានជ័យ គេនឹងជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ យ៉ត ភីត (Yorth Phit) នៅលើសង្វៀនGanzberg Top Fighter របស់SEATV នាយប់ថ្ងៃសៅរិ៍ទី១៥ កញ្ញា ២០១៨នេះ។
ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ។ បើនិយាយពីបច្ចេកទេសនិងល្បិចកលប្រកួត ពួកគេទាំងពីរមានដូចគ្នា ។
ឈឿន ឆៃដែន គេជាអ្នកប្រដាល់ជើងចាស់ ដែលមានកាយសម្បទារឹងមាំ និងវាយខ្លាំង និងធ្លាប់ផ្តួលជើងចាស់អស់ច្រើននាក់មកហើយ តែមួយរយះចុងក្រោយនេះឆៃដែន រាងចុះខ្សោយកម្លាំង ដែលធ្វើអោយការប្រកួតរបស់គេចាញ់ច្រើនជាងឈ្នះ ។ គេប្រកួតចុងក្រោយជាមួយថៃនោះ គឺវាយចាញ់ជើងខ្លាំងថៃ ប៊ឹកចូ (Burkjoh) ក្នុងទឹកទី២ ។ តែយ៉ាងណា ឈឿន ឆៃដែន ជួបជាមួយយ៉ត ភីត លើកនេះ មិនប្រាកដថាចាញ់នោះទេ ។
យ៉ត ភីត ជាអ្នកប្រដាល់ចាស់ ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើលើកហើយកន្លងមក ។ អ្នកប្រដាល់ថៃរូបនេះ មានកំនត់ត្រាប្រកួតចំនួន៨៨លើក ឈ្នះ៧៣លើក និងចាញ់ ១៥លើក មិនដែលស្មើ ។ បើធៀបជាមួយឈឿន ឆៃដែន គឺច្រើនជាងឆៃដែន ក្នុងពេលដែលឆៃដែន មានប្រវត្តិប្រកួតប្រមាណ៦៩លើក គេវាយឈ្នះ៥៩លើក ចាញ់១០លើក មិនដែលស្មើ នោះ ។
បើតាមពិនិត្យកម្រិតសមត្ថភាពបច្ចេកទេសនិងកាយសម្បទារបស់ពួកគេទាំងពីរនេះ គេមិនរំពឹងថា ឈឿន ឆៃដែនចាញ់យ៉ត ភីត នោះទេ ដោយសារឆៃដែន គេមានបទពិសោធន៍ប្រកួតជាមួយថៃច្រើនក្រាសក្រែលហើយដែរ ។ ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នានេះ មិនទាន់ប្រាកដថា ឈឿន ឆៃដែន ឈ្នះ យ៉ត ភីត នោះដែរ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេក៏ជាអ្នកប្រដាល់ដែលមានចិត្តធំនិងស៊ូចំពោះការប្រកួតដែរ ។
ចំណែក យុគ យក្សគីល អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ ហូស៊ីន ណាស៊ីរី(Hosein Nasiri ) ដោយជួបប្រកួតគ្នាក្នុងទម្ងន់៧៣គីឡូក្រាម ។
ជាលើកទី៧ហើយនៅក្នុងឆ្នាំ២០១៨នេះ បន្ទាប់ពីរូបគេវិលមកកាន់សង្វៀនវិញ ហើយត្រូវគេផ្តល់ឪកាសឲ្យជួបប្រកួតជាមួយបរទេសនេះ ។ កាលពីជួបប្រកួតលើកទី៦ យក្សគីល វាយចាញ់អ្នកប្រដាល់ប្រេស៊ីល Victor Houto ដោយពិន្ទុ ។
យុគ យក្សគីល ជាអ្នកប្រដាល់ជើងចាស់ធ្លាប់ហែលឆ្លងកាត់ប្រកួតជាមួយបរទេស ពិសេសជាមួយថៃ ច្រើនលើកណាស់មកហើយ កាលពីគេនៅមានឈ្មោះបោះសម្លេង ។ តែពេលនេះ គេមិនដូចពីមុននោះទេ ដោយសារគេចាស់ ឡើងទម្ងន់ គួបផ្សំគេស្ទើរកម្ពស់ផង ធ្វើអោយការប្រកួតជាមួយបរទេស ពិបាកសង្ឃឹមឈ្នះ ។
យ៉ាងណា ប៉ះជាមួយអ្នកប្រដាល់អ៊ីរ៉ង់ហូស៊ីន ណាស៊ីរី ដែលទើបប្រកួតបាន៣៧លើក ឈ្នះ២៦លើក ចាញ់១១ ប្រហែលជាមិនពិបាកប៉ុន្មានឡើយ ។ ប៉ុន្តែលើកនេះ យក្សគីល ប្រហែលជាប្រឈមការលំបាករឿងចាញ់កម្ពស់ ព្រោះអ្នកប្រដាល់អ៊ីរ៉ង់មកលើកនេះ មានកម្ពស់ខ្ពស់ជាងគេបន្តិច គឺ១,៧៣ម៉ែត្រ ខណះដែលខ្លួនគេកម្ពស់១,៦៨ម៉ែត្រ ។ទោះជាយ៉ាងនេះក៏ដោយ ក៏សង្ឃឹមថាយក្សគីលនឹងយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ហូស៊ាន ណាស៊ីរី បានមិនខាន។ យក្សគីលមានកំនត់ត្រាប្រកួតចំនួន១០៣លើក ឈ្នះ៧១លើក ចាញ់៣១លើកនិងស្មើ០១លើក ។
ហូស៊ីន ណាស៊ីរី គេធ្លាប់មកប្រកួតនៅសង្វៀនSEATVនេះម្តងហើយកន្លងមកដោយវាយឈ្នះផុន ផាន់ណា អ្នកប្រដាល់ជើងចាស់ក្លិបខ្លារខិនមានរិទ្ធ ដោយពិន្ទុកាលពីថ្ងៃទី០៤សីហា២០១៨ ។
អ្នកប្រដាល់អ៊ីរ៉ង់ហូស៊ីន ណាស៊ីរី រូបនេះ គេខ្លាំងមិនធម្មតាដែរ ។ យ៉ាងណា ប៉ះជាមួយយុគយក្សគីល ហូស៊ីន ណាស៊ីរីក៏មិនជាស្រួលប៉ុន្មានដែរ ព្រោះថាយក្សគីលគេវាយបុកខ្លាំង កណ្តាប់ដៃខ្លាំង ទម្ងន់ជើងក៏ធ្ងន់ដែរ ។ តែយ៉ាងណា យក្សគីល ក៏ត្រូវប្រយ័ត្នដែរ សម្រាប់ការប្រកួតលើកនេះ។ ដូច្នេះចាំមើល តើយុគ យក្សគីល អាចយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ហូស៊ីន ណាស៊ីរី បានឬអត់ ?៕
Source: Kampuchea Thmey Daily
0 Comments