ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺពុំមែនជាករណីឃុំខ្លួននៅក្នុងផ្ទះនោះទេ ហើយលោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញពីផ្ទះតាមកំណត់ និងមានសិទ្ធិជួបជាមួយមនុស្ស ដែលមិនស្ថិតក្នុងការហាមប្រាមរបស់ចៅក្រម។
ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា លោក កឹម សុខា ត្រូវបានតុលាការយកមកឃុំខ្លួនក្នុងផ្ទះ ជំនួសឱ្យការឃុំខ្លួននៅក្នុងពន្ធនាគារ។ លោកត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ ហើយការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមាន ដូចជាមិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គល ឬជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។
តាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងនេះថា លោក គឹម សុខា ត្រូវបានលោក គី ប្ញទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជំនួសឱ្យវិធានការនៃការឃុំខ្លួនជាបណ្ដោះអាសន្ន។ យោងតាមដីកាសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាកាចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ របស់លោកចៅក្រម គី ប្ញទ្ធី ការសម្រេចនេះ គឺជាផ្នែកមួយផ្អែកលើហេតុផលផ្នែកសុខភាពជនរបស់ជនត្រូវចោទ។ ផ្អែកតាមដីកាសម្រេចនេះ លោក កឹម សុខា ក្នុងឋានៈជាជនត្រូវចោទក្នុងសំណុំរឿងក្តីនៅតុលាការត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានដាក់ឲ្យជាប់កាតព្វកិច្ចមួយចំនួន ដើម្បីបម្រើឲ្យចំណាត់ការនីតិវិធីបន្តលើសំណុំរឿងដោយចៅក្រម។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញគូសបញ្ជាក់ផងដែរថា ករណីជនត្រូវចោទឈ្មោះ កឹម សុខា ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ។ ទន្ទឹមនឹងនេះ ការសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការហាមឃាត់ជនត្រូវចោទមិនឲ្យចាកចេញពីព្រំប្រទល់ដែនដីណាមួយជាកំណត់ គឺជាសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរ ដែលធ្វើឡើងស្របតាមមាត្រា២២៣ កថាខណ្ឌទី២ ចំណុចទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយផ្អែកលើហេតុផលផ្នែកសន្តិសុខសុវត្ថិភាពរបស់ជនត្រូវចោទ និងដើម្បីធានាថា ជនត្រូវចោទនឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ។ ក្នុងន័យនេះជនត្រូវចោទមានសេរីភាពគ្រប់គ្រាន់ក្នុងការចេញពីផ្ទះរបស់ខ្លួនក្នុងព្រំប្រទល់ដែនដីដែលកំណត់ដោយដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ទងជាមួយបុគ្គលនានា ដោយមិនស្ថិតនៅក្នុងក្របខណ្ឌបញ្ជីនៃការហាមឃាត់របស់តុលាការបាន ពោលគឺបុគ្គលដែលអាចមានការពាក់ព័ន្ធ នឹងសំណុំរឿងជាមួយជនត្រូវចោទហើយ ដែលតុលាការកំពុងមានចំណាត់ការ។
តាមអ្នកនាំពាក្យ ហេតុផលផ្នែកសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនត្រូវចោទឈ្មោះ កឹម សុខា គឺជារឿងសំខាន់ ដែលចាំបាច់ត្រូវមានការចូលរួមសហការជាមុនរវាងសមត្ថកិច្ចតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធនានា បូករួមនឹងការចូលរួមរបស់ភាគីជនត្រូវចោទផងដែរ ដើម្បីចៀសវាងរឿងហេតុអាក្រក់ណាមួយ ផ្នែកសុវត្ថិភាពលើរូបជនត្រូវចោទ កឹម សុខា ពីតួអង្គខាងក្រៅ៕
Source: Kampuchea Thmey Daily
0 Comments