Ad Code

លោក Macron នឹង​ជួប​លោក Trump និង​លោក Rouhani នៅ UN ក្នុង​ទីក្រុង ញូវយ៉ក



លោក​ប្រធានាធិបតី Emmanuel Macron នឹង​ជួប​សម​ភាគី​អាមេរិក​និង​អ៊ីរ៉ង់​គឺ​លោក Donald Trump និង​លោក Hassan Rouhani នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​ក្រោយនេះ​។​

កិច្ចប្រជុំ​នេះ​បាន​កើតមាន​ឡើងខណៈ​លោក Macron និង​មេដឹកនាំ​អឺរ៉ុប​ផ្សេងទៀត​ព្យាយាម​ជួយ​ស្តារ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ឆ្នាំ​២០១៥​ឡើងវិញ​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​រ៉ង់​ដែល​លោក Trump ដក​អាមេរិក​ចេញ​កាលពី​ខែឧសភា​។​

មេដឹកនាំ​បារាំង​វ័យ​៤០​ឆ្នាំ​រូបនេះ​នឹង​ជួប​លោក Trump នៅ​រសៀល​ថ្ងៃ​ចន្ទ​មុនពេល​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ។​

មន្ត្រី​វិមាន Elysee បាន​និយាយថា នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​បារាំង​នឹង​ថ្លែង​ទៅកាន់​អង្គសន្និបាត​និង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​លោក Rouhani ។ មន្ត្រី​ដដែល​បាន​បន្តថា យុទ្ធសាស្ត្រ​របស់​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​នឹង​ស្ថិតនៅក្នុង​របៀបវារៈ​។​

លោក Trump បានបង្ហាញ​សញ្ញា​ថា លោក​ក៏​អាច​នឹង​ជួប​ជាមួយ​លោក Rouhani ផងដែរ​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ​កាលពី​ខែ​មុន​។​

ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​ចាប់តាំងពី​ក្រុមហ៊ុន​បរទេស​លែង​អាចធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​នេះ​បាន​ទៀត​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ក្រុង​វ៉ាស៊ីនតោន​នៅតែ​កំពុង​ពិចារណា​ផ្តល់​ការលើកលែង​ចំពោះ​ប្រទេស​ឬ​ក្រុមហ៊ុន​មួយចំនួន​នៅពេល​ទណ្ឌកម្ម​ថ្មី​ត្រូវ​បានដាក់​។​

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេស​អ៊ីរ៉ង់​ថា​កំពុង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​តាមរយៈ​ការបន្ត​ការអភិវឌ្ឍ​មី​ស៊ី​ល​និង​ការធ្វើអន្តរាគមន៍​រប​ស់​ខ្លួន​ក្នុង​ជម្លោះ​នៅ​ប្រទេសជិតខាង​ដូចជា​ស៊ី​រី​និង​យេ​មែន​ជាដើម​។​

យ៉ាងណាក្តី ក្រុមមន្ត្រី​អ៊ីរ៉ង់​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ពួកគេ​គ្មាន​ផែន​ការធ្វើ​កិច្ចចរចា​ជាមួយ​លោក Trump ទេ​នៅពេលដែល​ការជជែក​ដេញដោល​ទូទៅ​បាន​បើក​ក្នុង​មហាសន្និបាត​នៅ​ថ្ងៃ​អង្គារ​ហើយក៏​មិន​ចរចារ​ជាថ្មី​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ដែរ​ដែល​ក្រុង​តេ​រ៉ង់​ប្តេជ្ញា​បោះបង់ចោល​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu