ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀនខណ្ឌដង្កោនៅព្រឹកថ្ងៃទី ២០កញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន នៅប៉ែកខាងលិចរាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ច និងតុលាការរកឃើញថា អតីតសង្ឃកំហូចនេះ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។
មន្ត្រីតុលាការថ្លែងថា ក្រៅពីមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន អតីតព្រះចៅអធិការវត្តមិនមានបទល្មើសព្រហ្មទណ្ឌផ្សេងទៀតទេ ទើបតំណាងអយ្យការបានសម្រេចអោយនគរបាលបញ្ជូនអន្ទិតគោធាក់ទៅមណ្ឌលបន្សាបគ្រឿងញៀន។
ចំពោះបទល្មើសជាប់អាបត្តិសេពមេថុន អសុច្ចកៈកំរើកចាកទី គឺជាអំពើល្មើសខាងពុទ្ធចក្រ ត្រូវបានផ្នែកធម៌វិន័យសម្រេចផ្សឹក និងបណ្ដេញចេញពីវត្តរួចហើយ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបាន ដាក់គ្នា តាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញា ក៏ឃើញព្រះចៅអធិការវត្តជិះម៉ូតូឌុបគ្នាជាមួយស្រីកំណាន់ចិត្តចេញ ពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះ ប្រជាពលរដ្ឋ បាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ណ និងស្រីកំណាន់ចិត្តប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតាមដានទាន់ និងមានភស្តុតាង ជាក់ស្តែង ចំពោះទង្វើប្រាសចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេជគុណ មាជ សុវណ្ណ សមត្ថកិច្ចសម្រេច ឃាត់ខ្លួនប្រគល់ឲ្យអនុគុណ និងមន្ត្រីធម្មការខណ្ឌដង្កោ បន្តនីតិវិធីទៅតាមច្បាប់ វិន័យព្រះពុទ្ធសាសនា។
សមត្ថកិច្ចបន្តទៀតថា ជុំវិញ នឹងករណីខាងលើនេះ ព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្ត នៅទង្វើ បែបនេះមែន ហើយព្រះអង្គក៏សុំទោស ដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខាបទពីព្រះពុទ្ធសាសនា ទៅរស់នៅធម្មតាដូចពលរដ្ឋទូទៅវិញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាក់ទៀតថា ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់ ក្រោយ ពីពិនិត្យឃើញថា បុគ្គលនេះពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៀត ហើយចុងក្រោយតំណាងអយ្យការបានសម្រេចបញ្ជូនអន្ទិតមាស សុវណ្ណ ទៅមណ្ឌលបន្សាបគ្រឿងញៀន៕
Source: Kampuchea Thmey Daily
0 Comments