ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យអ្នកក្រៅតំបន់នៅឲ្យ ឆ្ងាយពីបញ្ហានយោបាយឬពីកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គដែលរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គដែលបានរៀបចំធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី ១៣ កញ្ញា។
គឺឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្របសម្រួលនៅក្នុងកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គនៅថ្ងៃទី១៣ កញ្ញា ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យប្រទេសនៅក្រៅតំបន់ ពិសេសប្រទេសនៅតំបន់អឺរ៉ុបកុំលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសនៅក្នុងក្របខ័ណ្ឌទន្លេមេគង្គដោយទុកលទ្ធភាពឲ្យប្រទេសទាំងនោះបានសេចក្តីសុខខាងនយោបាយខ្លះដើម្បីជំរុញទៅដល់ការកសាងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាប្រទេសនៅក្រៅតំបន់ពិតជាមិនយល់ពីស្ថានភាពផ្ទៃក្នុងរបស់ប្រទេសនៅក្នុងតំបន់នោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «យើងគួរតែខិតខំដកឧបសគ្គនយោបាយខ្លះចេញពីបណ្ដាប្រទេសនៅក្នុងក្របខណ្ឌទន្លេមេគង្គបើមិនដូច្នោះទេអ្នកទាំងប្រាំនាក់ដែលអង្គុយនៅទីនេះមិនគ្រប់លក្ខណៈសម្បត្តិតាមពួកអឺរ៉ុបនោះទេ។ វៀតណាមមានបក្សតែមួយមិនមែនជាប្រទេសសេរីពហុបក្សដែលពួកអឺរ៉ុបចង់បាននោះទេ។ ឡាវក៏មានបក្សតែមួយ។ ឯកម្ពុជាបោះឆ្នោតទើបតែនឹងចប់ខ្ញុំទើបតែធ្វើនាយករដ្ឋមន្ត្រីបា៧ថ្ងៃ សម្រាប់រាជរដ្ឋាភិបាលថ្មីដែលខ្ញុំបានធ្វើនាយកមន្ត្រីអស់ ៣៣ ឆ្នាំរួចមកហើយ។ ឯមីយ៉ាន់ម៉ាក៏កាន់តែធ្ងន់ធ្ងរទៅទៀតត្រូវគេចោទថា ជាអ្នកប្រល័យពូជសាសន៍ ប៉ុន្តែអ្នកបានយល់ពីប្រទេសមីយ៉ាន់ម៉ា អ្នកស្គាល់ពីប្រទេសមីយ៉ាន់ម៉ាទេដែលត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើនទាក់ទងនឹងបញ្ហាសន្តិសុខជាតិនិងជម្លោះរវាងក្រុមមួយនិងក្រុមមួយទៀតជាដើម ដែលត្រូវមានការយោគយល់ចំពោះប្រទេសមីយ៉ាន់ម៉ា។ ក៏ប៉ុន្តែប្រទេសក្រៅតំបន់របស់យើងគេតែងតែទះក្បាលរបស់យើងហើយប្រាប់យើងឲ្យធ្វើអ្វី ដែលពួកគេចង់បាន។
ចំណែកប្រទេសថៃកាន់តែធ្ងន់ធ្ងរទៅទៀតត្បិតបានប្រកាសការបោះឆ្នោតនៅខែកុម្ភៈខាងមុខតែទោះបីយ៉ាងណាក៏ដោយវាជាសិទ្ធិជ្រើសរើសរបស់ប្រទេសនីមួយៗ។ ទុកលទ្ធភាពឲ្យប្រទេសទាំងនេះបានសេចក្តីសុខខាងនយោបាយខ្លះទេដើម្បីជំរុញទៅដល់ការកសាងប្រទេស។ ខ្ញុំលើកបញ្ហានេះមិនមែនដើម្បីជូនសារទៅប្រទេសណាទាំងអស់។ ក៏ប៉ុន្តែខ្ញុំគិតថា ពួកមេដឹកនាំប្រទេសទាំង៥នាក់នេះ សុទ្ធតែជាអ្នករងគ្រោះខាងនយោបាយទាំងអស់។ ខ្ញុំស្នើថា ពួកអ្នកក្រៅតំបន់ដែលមិនដឹងរឿងរបស់យើងសូមទុកឲ្យយើងដោះស្រាយបញ្ហារបស់យើងបានទេ»។
បន្ទាប់ពីការថ្លែងចប់របស់សម្តេចតេជោ ហ៊ុន សែន គេឮសូរសម្លេងទះដៃប្រ៉ាវពីអ្នកចូលរួមនៅក្នុងវេទិកានេះ ដែលបានបង្ហាញថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ត្រឹមត្រូវ ហើយពួកគេពិតជាគាំទ្រឲ្យមានបែបនេះ។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងកាលពីថ្ងៃទី ១៣ កញ្ញា នៅក្នុងកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដោយមានការចូលរួមពីមេដឹកនាំវៀតណាម កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងតំណាងពីប្រទេសថៃ៕
Source: Kampuchea Thmey Daily
0 Comments