ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលបានលើកឡើងថា ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុខាមាលភាពប្រជាពល រដ្ឋនៅក្នុងសហគមន៍ ត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពពីសំណាក់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋអំណាចមូលដ្ឋាន មន្ត្រីអនុវត្តច្បាប់ សហគមន៌ បុគ្គលអ្នកញៀនគ្រឿងញៀននិងប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ក្នុងភាពជាដៃគូរវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្ត្រីអនុវត្តច្បាប់នៅខេត្តព្រះសីហនុ ដោយមានការគាំទ្រថវិកាពីអង្គការខាណា និងមានសមាជិក សមាជិកាចូលរួមចំនួន ៨៦នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុលោកស្រីវេជ្ជបណ្ឌិតបានបន្តថា គ្រោះថ្នាក់បណ្តាលមកពីការប្រប្រាស់គ្រឿងញៀនមានផលវិបាកដល់បញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរ និងបណ្តាលអោយមានការប៉ះពាល់ដល់ការអភិវឌ្ឍ និងសន្តិសុខសង្គម ដូច្នេះ ការចូលរួមពីសហគមន៍ក្នុងការបញ្ជូនអ្នករងគ្រោះដោយសារធាតុញៀនមកទទួលសេវាពិនិត្យ និងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសព្យាបាល អាចទៅជាមួយលោកដែលអាចធ្វើឲ្យពួកគាត់កាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។
លោកស្រីអគ្គនាយកក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការកៀងគរប្រភពថវិកា និងបច្ចេកទេស ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាព និរន្តភាពនៃការងារព្យាបាល បង្ការ ថែទាំបន្តនៅសហគមន៍ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងសមាហរណកម្មជនដែលបានរងគ្រោះដោយសារគ្រឿងញៀនទៅក្នុងសហគមន៍ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ។
ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត បានកោតសរសើរដល់ការខិតខំប្រឹងប្រែងកន្លងមករបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ លើការងារដ៏ស្មុគស្មាញមួយនេះ ហើយបានស្នើនិងជំរុញឲ្យអាជ្ញាធរ ជាពិសេសគណៈកម្មការសម្របសម្រួលឃុំ-សង្កាត់ដែលបានបង្កើតឡើងរួចហើយនេះ ត្រូវដំណើរការឲ្យបានជាប្រចាំទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការជំរុញឲ្យមានការបញ្ជូនអ្នកញៀនគ្រឿងញៀនមកទទួលការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណឲ្យបានតាមផែនការដោយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយសម្របសម្រួលនិងមិនមានការចាប់ចងនោះឡើយបើគាត់ស្ម័គ្រចិត្តមកទទួលការព្យាបាល។
លោកស្រីឧត្តមសេនីយ៍ទោ ជ័យ បុប្ជា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងនូវការគាំទ្រនិងបន្តរុញច្រានសកម្មភាពរបស់គណៈកម្មការខាងលើ ហើយនឹងពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលសមត្ថភាព និងស្វែងរកថវិកា ដើម្បីគាំទ្រដល់ដំណើរការរបស់គណៈកម្មការនេះ៕
Source: Kampuchea Thmey Daily
0 Comments