ប្រធានក្រុមឈុតធំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន អ៊ុក សុធី ទើបតែត្រលប់មកពីសិក្សាវគ្គគ្រូបង្វឹកកម្រិត AFC B License ថ្មីៗនេះ ហើយក៏ចូលរួមហ្វឹកហាត់ក្នុងក្រុមឡើងវិញដែរដើម្បីត្រៀមប្រកួតក្នុងយុទ្ធនាការពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ដែលនៅសល់ប៉ុន្មានប្រកួតចុងក្រោយ។
កីឡាករ អ៊ុក សុធី បានលើកឡើងថា « សម្រាប់វគ្គសិក្សាដែលខ្ញុំបានចូលរួមនោះគឺគេចែកចេញជាពីរផ្នែក ដោយផ្នែកនីមួយៗត្រូវសិក្សារយៈពេល១០ថ្ងៃ។ ដូច្នេះខ្ញុំទើបតែបញ្ចប់ការសិក្សាផ្នែកទីមួយ និងត្រូវបន្តផ្នែកទីពីរនៅពេលក្រោយទៀត»។ វគ្គសិក្សាគ្រូបង្វឹកកម្រិតទ្វីបអាស៊ីនេះបែងចែកជា២ដំណាក់កាលគឺដំណាក់កាលទី១ពីថ្ងៃទី១ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដំណាក់កាលទី២ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៧ខែតុលា ឆ្នាំ២០១៨។
ជាគោលការណ៍វគ្គ AFC B Licence នេះបានដរាបណាបេក្ខជនត្រូវតែបានឆ្លងកាត់វគ្គសិក្សាគ្រូបង្វឹកកម្រិត AFC C Licence ឬ ជាអ្នកប្រកបអាជីពក្នុងពិភពបាល់ទាត់អាចជាកីឡាករបាល់ទាត់ ឬ គ្រូបង្វឹក គ្រូជំនួយដែលបម្រើការងារបាល់ទាត់នៅស្ថាប័នឬក្លិបបាល់ទាត់ពាក់ព័ន្ធ ជាមុនសិន។ ចំពោះអ្នកបញ្ចប់វគ្គនេះនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តទៅសិក្សាវគ្គAFC A Licence ទៀតបាន។
កីឡាករ អ៊ុក សុធី គឺជាកីឡាករជើងចាស់មួយរូបក្នុងក្រុម ដែលបានចូលរួមជាមួយក្លិបតាំងពីខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ព្រមទាំងធ្លាប់បានជួយក្រុមឲ្យបានឈ្នះពានលីគកំពូលកម្ពុជា នាឆ្នាំ២០១៤ ប៉ុន្តែបានអវត្តមាននាឆ្នាំ២០១៥ បន្ទាប់ពីរងរបួសក្នុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរួចមក។
សូមបញ្ជាក់ថា កីឡាករដែលអ្នកគាំទ្រនិយមហៅថាMessi រូបនេះតាំងតែពីពេលដែលគេប្រកបអាជីពបាល់ទាត់ក្នុងក្រុមបាល់ទាត់ម៉ូតូហោះ (ក្រុមមិនអាជីព) និងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា នាអំឡុងពេលយុវវ័យមកម្ល៉េះ។
ចំពោះការប្រកួតនៅសប្តាហ៍នេះប្រធានក្រុមរូបនេះបានលើកឡើងថា «ឥឡូវនេះខ្ញុំបានចូលរួមហ្វឹកហាត់ជាមួយក្រុមវិញដើម្បីត្រៀមប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបនាថ្ងៃអាទិត្យនេះ។ ចំពោះការត្រៀមខ្លួនក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្ញុំនិងក្រុមទាំងមូលក្នុងការប្រកួតនេះគឺយើងបានត្រៀមខ្លួនរួចរាល់ហើយ យើងត្រូវតែឈ្នះការប្រកួតនេះ ព្រោះការប្រកួតនៅជើងទីមួយយើងបានត្រឹមតែស្មើជាមួយពួកគេនៅក្នុងទឹកដីរបស់យើង ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អ»។
គួរបញ្ជាក់ផងដែរថា ក្រុមភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានជាតិដែលជាទឹកដីកណ្តាល ដើម្បីប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុប នៅម៉ោង៣ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រចាំសប្ដាហ៍ទី២០ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodia League 2018) ៕
Source: Kampuchea Thmey Daily
0 Comments