Ad Code

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ហាណូយ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា ពី​វិធីសាស្ត្រ​តម្រង់ទិស​នៃ​បដិវត្តន៍​បច្ចេកវិទ្យា និង​ការជំរុញ​ថាមភាព​សហគ្រិន



ភ្នំពេញ​ ៖ នេះ​ជា​ការ​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ស្តីពី​លទ្ធផល​នៃ​ទស្សនកិច្ច​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧ នៅ​ទីក្រុង​ហាណូយ ពីថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៨​។



ក្រសួងការបរទេស​ប​ញ្ជា​ក់ថា តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម “​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧” ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ក្រោម​មូលបទ “​អាស៊ាន ៤.០: សហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤” ។



វេទិកា​នេះ ចូលរួម​ដោយ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន មន្ត្រី​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​ពី​បណ្តា ប្រទេស​ក្នុង​តំបន់ ព្រមទាំង​អ្នកចូលរួម​ប្រមាណ​ជាង ១០០០​នាក់ ដែលជា​មន្ត្រី​ពី​ស្ថាប័ន​រដ្ឋាភិបាល ធុរកិច្ច អង្គការ​អន្តរជាតិ និង​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​យក​ឱកាស​នេះ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ អំពី​វិធីសាស្ត្រ​តម្រង់​ទិស​ដំណើរការ​បច្ចុប្បន្ន​នៃ​បដិវត្តន៍​បច្ចេកវិទ្យា និង​ការជំរុញ​ថាមភាព​សហគ្រិន សំដៅ​បម្រើការ​អភិវឌ្ឍ​ដោយ​រលូន នៅក្នុង​យុគសម័យ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​។



នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំពេញអង្គ​ស្តីពី “​អាទិភាព​អាស៊ាន​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤” សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី បាន​លើក​មតិ​ថា អាស៊ាន​អាច​ចាប់យក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជមាន និង​កាត់បន្ថយ​នូវ​កង្វល់​នានា ដែលជា​ផលវិបាក​នៃ​ការរីកចម្រើន​បច្ចេកវិទ្យា​បច្ចុប្បន្ន តាមរយៈ​វិធានការ​មួយចំនួន គឺ​បង្កើត​នូវ​ចក្ខុវិស័យ​អាស៊ាន​សម្រាប់​ឧស្សាហកម្ម​ជំនា​ន់ទី​៤ (ASEAN Vision for Industry 4.0) ប្រកបដោយ​បរិ​យា​ប័ន្ន និង​គ្រប់​ជ្រុងជ្រោយ ដោយ​ផ្អែកលើ​គំនិត​ផ្តួចផ្ដើម​ដែល​មាន​ស្រាប់ របស់​អាស៊ាន​, រៀបចំ​កម្មវិធី​រួម​សម្រាប់​កសាង​ធនធានមនុស្ស ដើម្បី​ដោះស្រាយ​បញ្ហា​បាត់បង់​ការងារ និង​វិសមភាព​សេដ្ឋកិច្ច និង​សង្គម​, ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទ្រទ្រង់​ការស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​តំបន់ ដើម្បី​ពង្រឹងសមត្ថភាព​សហគ្រិន​ក្នុងការ​រៀបចំ​គំរូ​ធុរកិច្ច​ថ្មីៗ បង្កើត​ការងារ​ថ្មី និង​តម្រង់ទិស​សេដ្ឋកិច្ច​នាពេល​អនាគត​, បន្ត​កែលម្អ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​ទន់ ក្នុង​តំបន់ និង​អន្តរ​តំបន់ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ប្រជាជាតិ​ឤ​ស៊ាន ទាញយក​ផលប្រយោជន៍​ពី​បរិបទ​នៃ​កំណើន​ថ្មី​ក្នុង​ពិភពលោក។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចូលរួម​ផងដែរ ក្នុង​កម្មវិធី​ពិសារ​អាហារ​ថ្ងៃត្រង់​រៀបចំ​ដោយ លោក​សាស្ត្រាចារ្យ ក្លូ​ស ស្វ​ប់ ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​ក្នុងឱកាស​នោះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សំខាន់ៗ​មួយចំនួន មានឱកាស​ជួប​ប្រាស្រ័យ​សន្ទនា​ជាមួយ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល និង​ចែករំលែក​នូវ​គំនិត​សំខាន់ៗ​របស់​ពួកគេ​លើ​ប្រធានបទ “​អាស៊ាន​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤” ។

បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី “​ទស្សនវិស័យ​ថ្មី​សម្រាប់​តំបន់​មេគង្គ​” ដែល​ផ្តោតលើ​ប្រធានបទ​មួយចំនួន ដែលជា​ផលប្រយោជន៍​រួម​ដូចជា ការវិវត្តន៍​ថ្មីៗ និង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​មេគង្គ ទិដ្ឋភាព​ដោយឡែក​ពីគ្នា​នៃ​ប្រទេស​នីមួយៗ ដែល​នឹង​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ទម្រង់​ថ្មីៗ​នៃ​សមាហរណកម្ម ដែល​ក្នុងនោះ ការតភ្ជាប់​ឌីជីថល​ត្រូវ​បានផ្តល់​សារៈសំខាន់​ជាង​ការតភ្ជាប់​រូបវ័ន្ត អាទិភាព​សម្រាប់​ការវិនិយោគ​នាពេល​អនាគត លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ឆ្លងកាត់​ព្រំដែន និង​លទ្ធផល​ដែល​រំពឹងថា​នឹង​បានទទួល​ពី​ការប្រែប្រួល​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក​ទស្សន​សំខាន់ៗ​ស្តីពី​សមិទ្ធផល និង​ការ​ប្រឈម​នានា​សម្រាប់​តំបន់​មេគង្គ ដោយ​បាន​លើកឡើង​នូវ​ភាព​ជាក់ស្តែង​សំខាន់ៗ ដែល​យើង​បាន​ចូល​ដល់ បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ហើយ​យើង​កំពុងតែ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ដោះស្រាយ​ការ​ប្រឈម​ជាក់ស្តែង​មួយចំនួន​។ ដោយ​មិន​គិតដល់​និន្នាការ​ថ្មី​នេះ ទស្សនៈវិស័យ និង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង កម្ពុជា​និង​ប្រទេសជិតខាង​ក្នុង​តំបន់​មេគង្គ ព្រមទាំង​ជាមួយ​ប្រទេស​នៅក្រៅ​តំបន់ គឺ​មិនមាន​អ្វី​ប្រែប្រួល​ទេ​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ជាពិសេស​អំពី​សារៈសំខាន់​ជា​អាទិភាព​នៃ​ការតភ្ជាប់ ទាំង​ការតភ្ជាប់​រូបវន្ត និង​ឌីជីថល ដើម្បី​ប្រទេស​ទាំងអស់​អាចធ្វើ​ការ​រួម​គ្នា​ទៅតាម​មធ្យោបាយ​ជាក់ស្តែង​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​បន្ថែម​អំពី​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច និង​ចីរភាព​បរិស្ថាន និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​និង​ការជំរុញ​ការសម្រួល​ពាណិជ្ជកម្ម និង​ការ​ធ្វើ​សមាហរណកម្ម​នីតិវិធី​ច្បាប់​តំបន់​។

ក្នុងឱកាស​អញ្ជើញ​ចូលរួម​វេទិកា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ថោង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​លោក រ៉ានី​ល វី​ក​ក្រេ​ម​មេ​ស៊ី​ង​ហេ នាយករដ្ឋមន្ត្រី​ស្រីលង្កា និង​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម​ដោយ​លោក ​តា​រ៉ូ កូ​ណូ រដ្ឋ​ម​ន្រី្ត​ការបរទេស​ជប៉ុន​។ ជំនួប​ទាំងនេះ បាន​ផ្តោត​លើ​ការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ហើយ​ទន្ទឹមនេះ​ក៏មាន​ការផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ដែលមាន​ការយកចិត្តទុកដាក់​រួមគ្នា​ផង​ដែរ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ក៏បាន​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម​ដោយ​លោក​សាស្ត្រាចារ្យ ក្លូ​ស ស្វ​ប់ ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu