ពាន AFF Suzuki Cup ដែលប្រគល់ជូនក្រុមឈ្នះជើងឯកប្រចាំកម្មវិធីដែលធំជាងគេប្រចាំតំបន់អាស៊ានរាល់ពេលប្រកួត២ឆ្នាំម្តង នឹងបង្ហាញខ្លួននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានមុនគេបើធៀបនឹងដំណើរទៅដល់ប្រទេសផ្សេងៗប្រចាំតំបន់ ខណៈកម្មវិធីនេះមានឈ្មោះថា AFF Suzuki Trophy Tour។
ការបង្ហាញរបស់ពាននេះនឹងធ្វើឡើងនៅវេលាម៉ោង៣ដល់ម៉ោង៤ល្ងាច ក្នុងថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារទំនើប AEON I ជាន់ទី១ ពោលគឺដាក់តាំងបង្ហាញពានរង្វាន់ AFF Suzuki Cupតែម្តង។ លោក អ៊ុង កងយ៉ានិត គ្រូជំនួយប្រចាំក្រុមជម្រើសជាតិកម្ពុជា និងបង្ហាញខ្លួនក្នុងពិធីនេះជាមួយភ្ញៀវពិសេសផ្សេងៗ បូកទាំងតំណាងអ្នកឧបត្ថម្ភផ្សេងទៀត។
ដំណើរមកកាន់ប្រទេសកម្ពុជាមុនគេក្នុងពិធី AFF Suzuki Trophy Tour នេះគឺចំពេលដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី មុនគេក្នុងវគ្គជម្រុះតាមពូលសន្សំពិន្ទុនៅដើមខែវិច្ឆិកា។ ចំណែកនៅខែបន្ទាប់ពាននេះនឹងហែរទៅដល់រាជធានីបាងកក របស់ថៃ,រដ្ឋធានីហាណូយ របស់វៀតណាម,ទីក្រុងចាកាតា របស់ឥណ្ឌូណេស៊ី,ម៉ានីល របស់ហ្វីលីពីន និងរ៉ង់ហ្គូនរបស់មីយ៉ាន់ម៉ា ជាដើម។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន មានឈ្មោះថា AFF Championship ដោយបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះដោយត្រូវប្រកួតរាល់២ឆ្នាំម្ដង ប៉ុន្តែកាលនោះក្រុមឧបត្ថម្ភដោយក្រុមហ៊ុន Tiger ទើបប្តូរឈ្មោះថា AFF Tiger Cup។ ចូលដល់ឆ្នាំ២០០៧ ក្រុមហ៊ុន Suzuki ទទួលសិទ្ធិបានឧបត្ថម្ភធំដល់ព្រឹត្តិការណ៍ទើបប្តូរឈ្មោះទៅជា AFF Suzuki Cup មកទល់បច្ចុប្បន្ន។ ក្រុមជម្រើសជាតិថៃ ធ្លាប់ឈ្នះពានរង្វាន់នេះបានច្រើនជាងគេគឺរហូតដល់៥លើក ហើយឈ្នះចុងក្រោយនៅឆ្នាំ២០១៦ ថ្មីៗនេះ។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៨ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាមនៅទីក្រុងហាណូយ៕
Source: Kampuchea Thmey Daily
0 Comments