Ad Code

ត្រីភាគី​បង្ហាញ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០១៩​ជា​ផ្លូវការ



ភ្នំពេញ​ ៖ ភាគី​និយោជក ភាគី​សហជីព​និង​ភាគី​រាជរដ្ឋាភិបាល​បាន​បង្ហាញ​នូវ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០១៩​ខុសៗ​គ្នា​គឺ​តួលេខ​ទាប​បំផុត​១៧៥​និង​ខ្ពស់​បំផុត​១៩២​ដុល្លារ​អាមេរិក​។

តែ​ទោះ​យ៉ាងណាក៏ដោយ​តួ​លេច​នេះ​នៅ​មិនទាន់​សម្រេច​ជា​ផ្លូវការ​ទេ​ដោយ​រង់ចាំ​បើក​កិច្ចប្រជុំ​ពិភាក្សា លើក​ទី​៣​នៅ​សប្តាហ៍​ក្រោយនេះ​ដើម្បី​ចរចា​ស្វែងរក​តួលេខ ប្រាក់​ឈ្នួល​អប្បបរមា​មួយ​ដែល​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​អាច​ទទួលយកបាន​ពី​គ្រប់​ភាគី​ទាំងអស់​។

លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ក្រុម​អ្នក​ព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ត្រីភាគី​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​ថា​ «ថ្ងៃនេះ​ក្រុមការងារ​បច្ចេកទេស​បាន​បន្ត​កិច្ចពិភាក្សា និង​លើកឡើង​ពី​គោលជំហរ​របស់​ខ្លួន នៃ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ខាងមុខ ដោយ​ក្នុងនោះ​ភាគី​សហជីព​តំណាង​ឲ្យ​កម្មករនិយោជិត​ជ្រើស​យក​តួរ​លេខ​១៩២​ដុល្លារ​, ភាគី​និយោជក​១៧៥​ដុល្លារ ដោយឡែក​ភាគី​រដ្ឋាភិបាល​សម្រេច​ដាក់​តួរ​លេខ​ចំនួន​១៧៧.៥៧​ដុល្លារ​អាមេរិក​»​។



លោក​ហេង សួរ​បាន​បន្តថា ចំពោះ​ភាគី​សហជីព​និង​ភាគី​និយោជក​ផ្តើម​ពី​តួលេខ​ទាប​ឡើង​ម្តង​បន្តិចៗ​ប៉ុន្តែ​រាល់​តួលេខ​ណាមួយ​ដែល​បង្ហាញ​ដោយ​ភាគី​នីមួយៗ​ក្រៅផ្លូវការ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​មិនទាន់​ក្លាយជា​តួ​លេខ​ផ្លូវ​ការដែល​តំណាង​ឲ្យ​ភាគី​របស់ខ្លួន​នៅឡើយ​ទេ ខណៈ​ដែល​ភាគី​នីមួយៗ​ព្យាយាម​ស្តាប់​នូវ​ធាតុ​ចូល​ពាក់ព័ន្ធ​ជាមួយនឹង​លក្ខណៈ​វិនិច្ឆ័យ​តាម​បែប​សង្គម​និង​សេដ្ឋកិច្ច​។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក ហេង សួរ បាន​លើក​ឡើង ពី​ចំណុច​មួយចំនួន សម្រាប់​ឲ្យ​ភាគី​ទាំងពីរ ធ្វើការ​ពិចារណា ដើម្បី​ឲ្យ​ការចរចា​នេះ ទទួល​បាន​នូវ​តួលេខ ប្រាក់​ឈ្នួល​អប្បបរមា​មួយ ដែល​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី និង​ជា​មូលដ្ឋាន ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ ក្នុងការ​ប្រជុំ​សម្រេច នៅ​ដើមខែ​តុលា​ខាងមុខនេះ​។

​ចំណែក​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​បញ្ជាក់ដែរ​ថា តួលេខ​ពិតប្រាកដ​ដែល​គ្រោង​នឹង​បង្ហាញ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣​នេះ សម្រាប់​ភាគី​សហជីព​មាន​ចំនួន​១៩២​ដុល្លារ រីឯ​ភាគី​របស់​រដ្ឋាភិបាល​មាន​ចំនួន ១៧៧​ដុល្លារ​។

លោក​បន្ថែម​ទៀត​ថា ទាក់ទង​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩ អាច​នឹង​បញ្ចប់​យ៉ាង​ហោច​ត្រឹម​ចុងខែ​កញ្ញា​នេះ​ដោយសារ​ភាគី​នីមួយៗ​មាន​ភាព​ចាស់ទុំ​និង​យោគយល់​គ្នាច្រើន​។

គួរ​បញ្ជាក់​ថា ​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ​ ក៏​នឹង​បន្ត​ការប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​រួមមាន ស្ថានភាព​គ្រួសារ អត្រា​អតិផរណា ការ​ចំណាយ​ក្នុងការ​រស់នៅ ផលិតភាព ភាព​ប្រកួត​ប្រជែង របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​ព្រមទាំង​លើក​អនុសាសន៍​ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ​ដើម្បី​ពិនិត្យ​សម្រេច​។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​នូវ​ជំនឿ​ថា​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ​នឹង​ប្រព្រឹត្តិ​ធម្មតា​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ​ដោយសារតែ​ការ​ចចារ​នេះ​គឺ​ផ្អែក​ទៅ​លើ​រូបមន្ត​ដែល​ធ្លាប់​បាន​ប្រើ​ចាប់តាំងពី​ឆ្នាំ​២០១៥​កន្លងទៅនេះ។

លោក​បាន​បន្ត​ថា ​សមាគម​នឹង​ត្រៀម​ដាក់​សំណើ​ និង ​សំណូមពរ​មួយចំនួន​ទៅ​រាជរដ្ឋាភិបាល​បន្ទាប់ពី​កិច្ចប្រជុំ​ត្រីភាគី​រួច។

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​សង្ឃឹមថា​ឆ្នាំនេះ​ការ​ជែក​ពិភាក្សា​ប្រាក់​ឈ្នួល​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ក្នុង​ស្មារតី​យោគយល់​គ្នា​និង​ឈ្នះៗ​ទាំងអស់គ្នា ​ហើយ​យើង​នៅតែ​ប្រកាន់យក​យុទ្ធសាស្ត្រ​ពិភាក្សាៗ​រហូតដល់​យើង​អាច​រកបាន​នូវ​ការ​ភាព​ស្រុះស្រួល​គ្នា​មួយ​ឬមួយ​អាច​ទៅ​រក​តួលេខ​មួយ​ដែល​អាច​ខិត​ខ​ជិត​រកគ្នា​និង​មាន​ចំនួន​តិច​បំផុត​ដើម្បី​យក​មកអនុវត្ត​ចុងក្រោយ​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​«​ចំពោះ​លទ្ធផល​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០១៩​នឹង​ចេញ​នៅ​មុន​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ​ហើយ​ក្មួយៗ​កម្មករ​ក​ម្មា​ការិនី​នឹង​ទទួល​បាន​ដំណឹង​ល្អ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ហើយ​សង្ឃឹមថា​ ប្រាក់​ឈ្នួល​នឹង​ប្រសើរ​ជាង​ឆ្នាំ​២០១៨​ទៅទៀត​»​។

ចំណែក​លោក ឧកញ៉ា ណា​ង សុធី អនុ​ប្រធាន​គណៈ​កម្ម​ការ​ប្រឹក្សា​ការងារ​និង​តំណាង​ឲ្យ​ភាគី​និយោជក​ក៏​មាន​ក្តី​សង្ឃឹមថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៩​នេះ​ភាគី​នីមួយៗ​នឹង​រកឃើញ​តួលេខ​មួយ​យ៉ាង​ល្អ​ដែល​គ្រប់​ភាគី​ទាំងអស់​អាច​ទទួលយក​បាន​ទាំង​ថៅកែ​រោងចក្រ​ក៏ដូចជា​កម្មករនិយោជិត។

សូម​រំលឹក​ថា ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​សម្រាប់​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​១៧០​ដុល្លារ​អាមេរិក​នេះ​ នៅ​មិនទាន់​គិត​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀតឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu