ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ចង់ឲ្យរាជធានីភ្នំពេញរបស់យើង មានកំណើនអ្នកទេសចរណ៍ទៅបាន ដាច់ខាតត្រូវតែមានបរិស្ថាននិងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវគ្នាធ្វើដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅអ្នកទេសចរណ៍ ដែលធ្វើឲ្យគេចង់មកកាន់រាជធានីភ្នំពេញរបស់យើង។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំរាម ជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះនៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញបាន ជំរុញឲ្យអភិបាលខណ្ឌទាំងអស់និងមន្ត្រីមន្ទីរពាក់ព័ន្ធ ធ្វើការផាកពិន័យទៅលើបុគ្គលដែលចោលសំរាមតាមទីសាធារណៈ រំលោភលើច្បាប់អន្តរក្រសួងស្ថាប័នបានចែងកន្លងមក។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្រាប់អ្នកចាក់សំរាមចោលគ្មានប្រក្រតី នៅតាមផ្លូវសាធារណៈ ដូចជា ការចាក់សំរាមចោលចូលទៅលើលូ និងចាក់សំរាមចោលនៅលើផ្លូវសាធារណៈ ត្រូវអនុវត្តផាកពិន័យទៅតាមច្បាប់អន្តរក្រសួងដែរបានចែងរួចហើយ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហា ទីលានចាក់សំរាម នៅរាជធានីភ្នំពេញ ដែលនិងត្រូវធ្វើការរៀបចំពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនិងតម្រូវការ នៃការកើនឡើងនៃសំរាម។ បើយើងមិនពង្រីកទីលានចាក់សំរាមទេនោះ នៅប៉ុន្មានឆ្នាំខាងមុនរាជធានីភ្នំពេញ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន។
លោកឃួង ស្រេងបានបន្តថា ជាមួយនឹងការពង្រីកកន្លែងចាក់សំរាមជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែតាមរបាយការរបស់ក្រុមហ៊ុន ស៊ីនទ្រី បានបញ្ជាក់ថា ការប្រមូលចំណូលពីការបង់ថ្លៃសេវាដឹកជញ្ជូនសំរាមមានការធ្លាក់ចុះ បើទោះបីមានការពង្រីកដែនដីកាន់តែធំ។
ក្រៅពីបញ្ហាសំរាមក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តការពង្រឹងលើផ្នែកសន្តិសុខនិងរៀបចំសណ្តាប់ធ្នាប់លើផ្លូវចំនួន១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាផែនការកន្លងមក។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យថ្មីមួយស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលកំណត់ឲ្យមានការផាកពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀលទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការចំពោះជនណាដែលចោលសំរាមមិនបានត្រឹមត្រូវ៕
Source: Kampuchea Thmey Daily
0 Comments