ភ្នំពេញ ៖ បក្ខពួកក្រុមចោរឆក់ទូរស័ព្ទគេតាមដងផ្លូវសាធារណៈចំនួន២នាក់ត្រូវប្រជាជនចាប់ខ្លួនទុកឲ្យសមត្ថកិច្ច ខណៈពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីហោប៉ៅអាវគេដែលកំពុងជិះម៉ូតូតាមផ្លូវ កាលពីម៉ោង១កន្លះយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១០១៩ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ប៉ូលិសបានឲ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួនពីបទឆក់ទូរស័ព្ទគេជាក់ស្តែងខាងលើ ១.ឈ្មោះ សុខ គន្ឋា អាយុ២២ឆ្នាំ គ្មានមុខរបរពិត ស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម។ ២.ឈ្មោះ អ៊ុំ មករា អាយុ១៨ឆ្នាំ គ្មានមុខរបរពិត ស្នាក់នៅផ្ទះជួលជាមួយគ្នាក្នុងភូមិស្លែងរលើង។
លោក យ៉ុង មុន្នី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង មានមុខរបរ ជាមេការគ្រប់គ្រងហាង ឃីង ដ្រាហ្គន (King Dragon) ជាជនរងគ្រោះនៅក្នុងករណីនេះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកកូនទា តែម្នាក់ឯងតាមផ្លូវលេខ១០១៩ ចេញពីកន្លែងធ្វើការក្នុងគោលបំណងមករកទិញអាហារញ៉ាំ សម្រន់ពេលយប់ជ្រៅ នៅផ្សារឌីហុយ។
គាត់បានបន្តថា ខណៈដែលគាត់កំពុងតែជិះម៉ូតូសុខៗស្រាប់តែជនទាំង២នាក់ខាងលើបានជិះម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០១៨គ្មានស្លាកលេខ ជិះតាមគាត់ពីក្រោយអែមជិត រួចឆក់យកទូរស័ព្ទគាត់ពីក្នុងហោប៉ៅអាវខាងឆ្វេងបានសម្រេចហើយ នៅពេលនោះគាត់ស្រែកចោរៗជនសង្ស័យខាងលើភ័យពេកជិះម៉ូតូលឿនជ្រុលទៅបុកខឿនសួនច្បារខណ្ឌចែកទ្រូងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់និងសន្លប់ នៅចម្ងាយប្រហែល៥០ម៉ែត្រពីកន្លែងកើតហេតុដែលគេធ្វើសកម្មភាពឆក់។
នៅគ្រានោះដែរ ប្រជាជនដែលលក់ដូរ និង អ្នករត់ម៉ូតូនៅក្បែរនោះបាននាំគ្នាទៅជួយអន្តរាគមន៍ស្វាគមន៍ ម្នាក់មួយដៃមួយជើងបន្ថែម ទើបហៅប៉ូលិសមូលដ្ឋានឲ្យមកចាត់ការវាយខ្នោះដៃទាំងសន្លប់និងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបឋមសិនមុនពេលយកមកសួរចម្លើយរកខុសត្រូវ៕
Source: Kampuchea Thmey Daily
0 Comments