ភ្នំពេញ ៖ តារាសម្តែង និងពិធីការិនីស្រីកញ្ញា ណាក់ ស្រីណា និងម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិន ទីបំផុតបានទទួលយកដំណោះស្រាយជាវិជ្ជមានលើករណីផ្តល់សំណងប្រាក់ជំពាក់ថ្លៃថតសម្តែងភាពយន្ត ដែលភាគីផលិតកម្មមហាហង្សនៅខ្វះកញ្ញា ណាក់ ស្រីណា មានរយៈពេលជិត១ឆ្នាំមកនោះ។
ចំពោះការចេញមុខសម្របសម្រួលនិងដោះស្រាយប្រកបដោយផលវិជ្ជមានរវាងតារាសម្តែងកញ្ញា ណាក់ ស្រីណា និងភាគីផលិតកម្មមហាហង្សនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការអន្តរាគមន៍សម្របសម្រួលពីសំណាក់សមាគមសិល្បករខ្មែរដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន។សម្រាប់ការចេញមុខទទួលយកដំណោះស្រាយរវាងភាគីទាំងពីរនេះបានកើតឡើងបន្ទាប់ពីមានការប្រកាសជាសាធារណៈរបស់កញ្ញា ណាក់ ស្រីណាលើករណីផលិតកម្មមហាហង្សគ្មានដំណោះស្រាយផ្តល់សំណងថ្លៃថតរឿងឲ្យខ្លួនកាលពីថ្មីៗកន្លងមកនេះ។
តាមការបញ្ជាក់ឲ្យដឹងពីសំណាក់លោក ហេង ឡុង បានលើកឡើងថា សូមអបអរសាទរចំពោះកញ្ញា ណាក់ ស្រីណា និងលោក អ៊ិន សុភិន ដែលជាអគ្គនាយកក្រុមហ៊ុនផលិតកម្មមហាហង្ស ក្រោមការសម្របសម្រួលរបស់សមាគមសិល្បករខ្មែរភាគីទាំងពីរបានទទួលយកដំណោះស្រាយដោយវិជ្ជមាននិងប្រកបដោយរីករាយ។
លោក ហេង ឡុងបន្ថែមទៀតថា នេះគឺជាគំរូដ៏ល្អមួយសម្រាប់សិល្បករ-សិល្បការិនីនិងផលិតករផ្សេងៗទៀតគួរឲ្យយកគំរូតាមប្រសិនបើយើងមានបញ្ហាយល់ច្រឡំ នឹង គ្នាគួរតែដោះស្រាយដោយសន្តិវិធីនិងប្រកបដោយសេចក្តីថ្លៃថ្នូរ។ សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌មានដ៏រីករាយមួយនេះដើម្បីឲ្យដល់ផលិតនិងសិល្បករ-សិល្បការិនីផ្សេងៗទៀត។
សូមបញ្ជាក់ថា ដំណោះស្រាយនេះបានធ្វើឡើងស្របពេលដែលតារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា ដោយអត់ទ្រាំនិងលែងមានភាពអត់ធ្មត់នោះក៏បានចេញមុខទម្លាយរឿងអាស្រូវដែលផលិតកម្មជំពាក់លុយថ្លៃថតមិនព្រមផ្តល់សំណងជួនខ្លួន។ ប៉ុន្តែបន្ទាប់ពីរឿងនេះ ត្រូវបានស្ងប់ស្ងាត់មួយសន្ទុះខ្លីពេលនេះក៏ទទួលបានដំណឹងល្អថាភាគីទាំងពីរបានចូលដោះស្រាយគ្នាដោយទទួលបានផលវិជ្ជមាន៕
Source: Kampuchea Thmey Daily
0 Comments