ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបង្កឲ្យបាក់ដីនៅភាគខាងជើងប្រទេសជប៉ុន បានកើនឡើងដល់៣០នាក់ហើយកាលពីថ្ងៃសៅរ៍ ខណៈកម្មករជួយសង្គ្រោះរាប់ពាន់នាក់បានស្វែងរកតាមភក់ដើម្បីរកអ្នករស់រានមានជីវិត។
ភាគច្រើននៃអ្នកស្លាប់គឺមកពីទីប្រជុំជន Atsuma ដែលនៅទីនោះផ្ទះជាច្រើនត្រូវបានបំផ្លាញនៅពេលដីទួលមួយបានបាក់បន្ទាប់ពីការរញ្ជួយដី៦.៦រ៉ិចចទ័រ។
យោងតាមរដ្ឋាភិបាលមូលដ្ឋាននៃកោះហុកកៃដូភាគខាងជើងបាននិយាយថា មនុស្សប្រហែល៩នាក់នៅតែបាត់ខ្លួននៅឡើយក្នុងទីក្រុងនិងប្រហែល៤០០នាក់រងរបួសស្រាល។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់បាននិយាយថា បុគ្គលិកជួយសង្គ្រោះប្រហែល៤០,០០០នាក់ដែលក្នុងនោះមានទាំងកងកម្លាំងស្វ័យការពារផងដែរគឺកំពុងស្វែងរកជនរងគ្រោះជាមួយគ្រឿងចក្រឈូសឆាយ សត្វឆ្កែហិតក្លិននិងឧទ្ធម្ភាគចក្រចំនួន៧៥គ្រឿង។
ប្រជាពលរដ្ឋទាំង៣លានគ្រួសារនៅលើកោះហុកកៃដូបានបាត់បង់អគ្គិសនីនៅពេលការរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឲ្យខូចខាតរោងចក្រអគ្គិសនីមួយដែលផ្គត់ផ្គង់អគ្គិសនីដល់តំបន់នេះប៉ុន្តែលោកនាយករដ្ឋមន្ត្រី Shinzo Abe បាននិយាយថា អគ្គិសនីភាគច្រើនត្រូវបានស្តារឡើងវិញហើយ។
លោក Abe បានបន្ថែមថា រដ្ឋាភិបាលនឹងបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ដើម្បីផ្តល់អាហារ ទឹកនិងប្រេងឥន្ទនៈដែលត្រូវការជាចាំបាច់សម្រាប់ម៉ាស៊ីនភ្លើងនៅតាមមន្ទីរពេទ្យ។ គ្រួសារសរុបចំនួន៣១,០០០នៅតែមិនមានទឹកហើយប្រហែល១៦,០០០គ្រួសារបានជម្លៀសទៅរកជម្រក។
ជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានក្នុងទីក្រុង Sapporo បានបន្តប្រតិបត្តិការឡើងវិញនៅថ្ងៃសៅរ៍ខណៈរថភ្លើងល្បឿនលឿនបានចាប់ផ្តើមមុននេះមួយថ្ងៃ។
ការរញ្ជួយដីនេះគឺជាគ្រោះមហន្តរាយចុងក្រោយបំផុតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលវាយប្រហារប្រទេសនេះ។
តំបន់ភាគខាងលិចនៃប្រទេសនេះនៅតែកំពុងស្តារឡើងវិញពីព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដែលវាយប្រហារប្រទេសជប៉ុនក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយដែលបានសម្លាប់មនុស្សចំនួន១១នាក់និងបិទព្រលានយន្តហោះសំខាន់ក្នុងតំបន់៕ AFP
Source: Kampuchea Thmey Daily
0 Comments