ភ្នំពេញ ៖ តារាសម្តែងរូបសង្ហាតែងបង្ហាញសង្គមសកម្មភាពមនុស្សធម៌ក្នុងសង្គមលោក អ៊ឹម ជីវ៉ា ថ្មីៗនេះ បានទម្លាយបើកកកាយពីប្រវត្តិកម្សត់របស់ខ្លួនឲ្យមហាជនបានដឹងជាសាធារណៈអំពីការតស៊ូនិងភាពក្រកលំបាករបស់លោកអំឡុងមុនពេលចូលប្រឡូកវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះលោក អ៊ឹម ជីវ៉ា ក៏បានលើកឡើងដឹងគុណបំណាច់ចំពោះបុគ្គល២រូបផងដែរដោយលោកចាត់ទុកពួកគាត់ជាឪពុក-ម្តាយទី២ផងនោះ។
លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា ថ្ងៃនេះខ្ញុំចង់និយាយរឿងមួយពីជីវិតពិតរបស់ពួកគាត់ទាំងពីរក្នុងរូបនេះគឺជាអ្នកមានគុណរបស់ខ្ញុំ ខ្ញុំគោរពស្រលាញ់ចាត់ទុកគាត់ជាឪពុកម្តាយទីពីររបស់ខ្ញុំព្រោះកាល២០០២ខ្ញុំកំពុងស្ថិតក្នុងភាពក្រីក្រលំបាកវេទនាត្រូវបានគេមើលងាយមើលថោកជាន់ឈ្លីប្រើពាក្យសំដីអសុរោះគ្រប់បែបយ៉ាង តែទីបំផុតគាត់ទាំងពីរជាអ្នកជួយជ្រោមជ្រែងខ្ញុំនិងគ្រួសារ។
តារាសម្តែងលោក អ៊ឹម ជីវ៉ា បញ្ជាក់ថា លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ដែលមានឋានៈខ្ពង់ខ្ពស់ជាឧកញ៉ាបែរជាមកបន្ទាបជួយស្រោចស្រង់ជីវិតខ្ញុំបាទដោយមិនគិតពីផលប្រយោជន៍ ឬ ចង់បានការតបស្នងពីខ្ញុំវិញឡើយគឺពួកគាត់ជួយខ្ញុំដោយទឹកចិត្តបេះដូងមនុស្សធម៌ពិតៗ។ រយៈពេល ១៦ឆ្នាំមកនេះបើទោះបីខ្ញុំមិនទាន់បានតបស្នងសងគុណអ្វីទៅលើលោកមានគុណទាំងពីរបានតែក្នុងចិត្តរបស់ខ្ញុំគឺនៅតែមិនភ្លេចចងចាំនិងដឹងគុណជាប់ជានិច្ចនូវ ក្តីមេត្តាធម៌ ព្រហ្មវិហារ ទាំងឡាយដែលលោកទាំងពីរមានគុណមកលើខ្ញុំ ។
តារាប្រុសមានប្រជាប្រិយភាពលោក អ៊ឹម ជីវ៉ា បន្តថា លោកទាំងពីរគឺជាសប្បុរសជនលាក់មុខ រាល់ការជួយអ្នកក្រីក្រ អ្នកខ្វះខាត ទាំងឡាយគឺលោកទាំងពីរមិនដែលចេញមុខឡើយជាពិសេសពេលជួយដល់សិល្បករ-សិល្បការនីមានជំងឺក្រីក្រខ្វះខាត គឺ លោកតែងតែជួយជានិច្ចជាពិសេស លោកបានជួយកសាងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រនៅតាមតំបន់នានាមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។
តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបន្ថែមថា លោកទាំងពីរជាមនុស្សល្អបំផុតជាចុងក្រោយខ្ញុំមានតែម្រាមដៃ១០សូមអរគុណលោកទាំងពីរគឺលោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ដែលបានសន្តោសប្រោសប្រណីជួយខ្ញុំបាទអោយមានកំណើត ទី២មានមុខមាត់កិត្តិយសរហូតមកដល់ថ្ងៃនេះ។ សូមគោរពជូនពរលោកមានគុណទាំងពីរនិងក្រុមគ្រួសារមានសុខភាពល្អ អាយុវែង រកស៊ីមានបាន សុខសុភមង្គល ជោគជ័យសម្រេចគ្រប់ភារកិច្ច៕
Source: Kampuchea Thmey Daily
0 Comments