Ad Code

សាមគ្គី​ក្នុង​ក្រុម​បានល្អ ​ទើប​ធ្វើ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ឈ្នះ​ជើងឯក​នៅ​រដូវ​កាល​នេះ



ក្រុមបាល់ទាត់​ណាហ្គា​វើ​ល បាន​គ្រង​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ ដែល​ខកខាន​ជា​៩​ឆ្នាំ​មកនេះ​ ខណៈ លោក មាស ចាន់ណា ដែលជា​គ្រូបង្វឹក​បាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្តជា​ខ្លាំង តែ​លោ​កថា​ជោគជ័យ​នេះ គឺ​កើតចេញ​ពី​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ម្នាក់ៗ​និង​សកម្មភាព​សាមគ្គី​ក្នុង​ក្រុម​ខ្ពស់​។

គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ AFC A-License រូបនេះ​បាន​លើកឡើងថា «​ផ្ដើម​ចេញពី​កីឡាករ​ម្នាក់ៗ ដោយ​ខ្ញុំ​ឃើញ​ឆន្ទៈ​របស់​ពួកគាត់​ម្នាក់ៗ គាត់​ប្រឹងប្រែង​ខ្លាំង ។ ដូច្នេះ​ពួកគាត់​ជា​កត្ដា​សំខាន់ រួមផ្សំ​ជាមួយ​អ្នក​ពីក្រោយ​ខ្ញុំ ដូចជា​គ្រូ​ជំនួយ កីឡាករ​បម្រុង​ទាំងអស់ ដែល​គោរព​វិន័យ​បាន​ល្អ ធ្វើ​ឲ្យ​យើង​មានឱកាស​ឈ្នះ​ថ្ងៃនេះ​។ បើ​ទាក់ទង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតថា វា​មិន​ច្រើន​ទេ ទៅលើ​ក្រុម​ទាំងមូល ខ្ញុំ​គិតថា កីឡាករ​ច្រើនជាង ដែល​ធ្វើ​ឲ្យ​យើង​ជោគជ័យ។ ចឹ​ង​យើង​នឹង​រក្សា​កីឡាករ​ច្រើន ដើម្បី​បន្ដ​ទទួល​បាន​លទ្ធផល​ល្អ​នា​ឆ្នាំក្រោយ ក៏ដូចជា​ត្រៀម​ប្រកួត​ក្នុង​ពាន AF Cup 2019 ជាដើម​»​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅសល់​១​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ហើយ ខណៈ​ក្រុម​ណាហ្គា​វើ​ល ជា​ម្ចាស់​ជើងឯក ក្រោយ​មាន​៥៣​ពិន្ទុ​ច្រើនជាង​ក្រុម​លេខ​២​បឹងកេត​៤៩​ពិន្ទុ ពោល​គឺមាន​គម្លាត​គ្នា​រហូតដល់​ទៅ​៤​ពិន្ទុ​។ បើ​មើល​ក្នុង​សកម្មភាព​ប្រកួត​២១​លើក​មកនេះ​ក្រុម​ណាហ្គា​វើល អាច​រកបាន​ជ័យជម្នះ​របស់​ដល់​១៧​លើក ហើយ​ស្មើគ្នា​បាន​២​លើក​និង​ធ្លាប់​បរាជ័យ​២​លើក​។ មិនតែប៉ុណ្ណោះ​ណាហ្គា​វើ​ល ជា​ក្រុម​ដែល​អាច​ទា​ត់​បញ្ចូល​ទី​គូប្រកួត​បាន​ច្រើនជាងគេ​គិត​ត្រឹម​ពេលនេះ​ពោលគឺ​បំប៉ោង​សំណាញ់​គេ​បាន​៦០​គ្រាប់ ហើយ​របូត​គ្រាប់​បាល់​វិញ​តែ​១៥​គ្រាប់​ប៉ុណ្ណោះ​។



ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​វិញ​ក្រុម​ណាហ្គា​វើ​ល ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​២​លើក​ដែរ​គឺ​នៅ​ឆ្នាំ​២០០៧​និង​២០០៩​។ គិត​ត្រឹម​ដឹកនាំ​ក្រុម​ណាហ្គា​វើ​ល ពី​ឆ្នាំ​២០១៥ មក​លោក មាស ចាន់ណា តែងតែ​បង្ហាញថា​ ក្រុម​ខ្លួន​ជា​បេក្ខជន​មួយ​ដែល​មិនអាច​រំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​។ ជាក់ស្តែង​គឺ​ឆ្នាំ​២០១៥ ទទួល​បាន​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាញ់​បឹង​កេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​២ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆ្នាំ​២០១៦ ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ​៣​ព្រមទាំង​មានឱកាស​ទៅលេង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។ ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​ត្រឹម​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ នៅ​វគ្គ​ជម្រុះ​លី​គ​កំពូល​កម្ពុជា ខណៈ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុម​នេះ​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

បើ​ក្រឡេក​មើល​លទ្ធផល​កាលពី​រដូវ​កាល​ចាស់​របស់​ក្រុម​ណាហ្គា​វើ​ល បាន​បញ្ចប់​ទៅ​ដោយ​ក្នុង​រដូវ​កាល​លី​គ​កំពូល​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ខណៈ​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Kipson ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ណាហ្គា​វើ​ល​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu