អ្នកប្រដាល់ជើងខ្លាំងព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍លេខ២ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះយ៉តផាយ៉ាក ក.អេឌិសន(Yodpayak Kor.Adisorn) នាយប់ថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើសង្វៀនខារ៉ាបាវបាយ័ននៅស្ទឹងមានជ័យ។ ពួកគេទាំងពីរនេះ ជួបគ្នាជាលើកដំបូង សម្រាប់សប្តាហ៍ទី២ នៃការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មី(ទី៥) ទម្ងន់៦០គីឡូក្រាម ។
យ៉តផាយ៉ាក អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប្រមាណ ២ ដងហើយ ដោយវាយចាញ់ទាំងពីរដង ហើយដែលមកប្រកួតចុងក្រោយនេះ គេបះជាមួយឡៅ ចិត្រា អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជា ហើយបានវាយចាញ់ចិត្រាដោយពិន្ទុ(១៨សីហា២០១៨) ។
ដូច្នេះ ក្នុងការប្រកួតលើកនេះ ជាលើកទី៣សម្រាប់អ្នកប្រដាល់ថៃនេះហើយ ដែលការជួបនេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ ? ។
យ៉ាងណា ព្រឿង សុជាតិ មិនអាចមើលស្រាល យ៉តផាយ៉ាក នោះឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនធម្មតានោះឡើយ ។
សុជាតិ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលមានកាយសម្បទារឹងមាំ និងវាយខ្លាំង និងធ្លាប់ផ្តួលជើងចាស់អស់ច្រើននាក់មកហើយ ។ គេទើបតែឡើងសង្វៀនបានប្រមាណជាង៥០លើកប៉ុណ្ណោះ តែលទ្ធផលរបស់គេល្អគឺឈ្នះច្រើនជាងចាញ់ ។ គេប្រកួតចុងក្រោយជាមួយថៃនោះ គឺវាយឈ្នះថៃ ឃុមភីជិត ប៉ាយ៉ាក់ណុងហ៊ិនដោយពិន្ទុ(២៧ឧសភា២០១៨) ។ តែយ៉ាងណា ព្រឿង សុជាតិ មិនអាចមើលស្រាលចំពោះ យ៉តផាយ៉ាក នោះឡើយ ។
យ៉តផាយ៉ាក ក៏ជាអ្នកប្រដាល់ថៃម្នាក់ដែលខ្លាំងដែរ ។ គេមានប្រវត្តិប្រកួតលើរេញច្រើនក្រាសក្រែលហើយ ។ ចាំមើល យ៉តផាយ៉ាក គេអាចយកឈ្នះព្រឿង សុជាតិ យក៣ពិន្ទុបានដែរឬអត់ នៅក្នុងការជួបប្រកួតគ្នាជុំទី១នេះ ? ។
ចំណែក អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងកម្ពុជាឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ឃុមភីជិត ប៉ាយ៉ាក់ណុងហ៊ិន(Khumpichit Payaknoronghin) សម្រាប់ការប្រកួតជុំទី១ ជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០គីឡូក្រាមដែរ ។ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ។
ឡៅ ចិត្រា ជាអ្នកប្រដាល់វ័យក្មេង ដែលខ្លាំងជាងគេក្នុងចំណោមអ្នកប្រដាល់កម្ពុជាដែលមានវ័យក្មេងនិងទម្ងន់ដូចគ្នានោះ ហើយចិត្រា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរ សម្រាប់ពេលបច្ចុប្បន្ននេះ ។ ចិត្រា ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើននាក់មកហើយនាពេលកន្លងមក ដែលភាគច្រើនឈ្នះសឹងតែទាំងអស់រាល់ពេលជួបជាមួយថៃនោះ។និយាយជារួម ចិត្រាទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ ល្បិចកលនិងកាយសម្បទា សុទ្ធតែល្អនិងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ថៃ ឃុមភីជិត ប៉ាយ៉ាក់ណុងហ៊ិន បានមិនខាន ។
ឃុមភីជិត ជាអ្នកប្រដាល់ថៃចាស់ ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនដងហើយកន្លងមក ។ អ្នកប្រដាល់ថៃរូបនេះ មានកំនត់ត្រាប្រកួតចំនួន៧៨លើក ឈ្នះ៥៦លើក ចាញ់ ២០លើក និងស្មើ០២លើក ។ បើធៀបជាមួយឡៅ ចិត្រា គឺប្រហាក់ប្រហែលគ្នា ដោយចិត្រាគេមានកំនត់ត្រាប្រកួតចំនួន៧៤លើក ក្នុងនោះឈ្នះ៦៩លើក ចាញ់០៥លើក មិនដែលស្មើ ។
បើតាមពិនិត្យកម្រិតសមត្ថភាពបច្ចេកទេសនិងកាយសម្បទារបស់ពួកគេទាំងពីរនេះ គេមិនរំពឹងថា ឡៅ ចិត្រា ចាញ់ ឃុមភីជិត នោះទេ ដោយសារចិត្រា គេមានផ្លែល្អជាង ។ ទោះជាយ៉ាងណា សម្រាប់ការជួបគ្នានេះ គេរំពឹងថាឡៅ ចិត្រា នឹងឈ្នះការប្រកួតនេះមិនខាន។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ថន វាសនាអ្នកប្រដាល់ជើងចាស់ក្លិបនាគរាជមានជ័យ ត្រូវគេផ្គូអោយជួបជាមួយ ចាន់ វ៉ារិទ្ធ អ្នកប្រដាល់ស្រករក្រោយក្លិបនិរោធមានជ័យ ដោយប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាទេពីមុនមក ។រវាងពីរនាក់នេះ ពុំដឹងថានរណាឈ្នះ នរណាចាញ់នោះឡើយ ? ៕
Source: Kampuchea Thmey Daily
0 Comments