Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ទៅដល់​បុរី​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក ហើយ នៅ​ថ្ងៃទី ២៨​កញ្ញា​នេះ



ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅដល់​បុរី​ញ៉ូ​យ៉​ក​សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្ថិភាព​ហើយ កាលពី​វេលា​ម៉ោង​១៥​និង​៥៥​នាទី​រសៀល ថ្ងៃទី​២៧ ខែ​កញ្ញា ម៉ោង​នៅ​ទីក្រុង ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង​៣​និង​៥៥​នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ កញ្ញា ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ ដែល​សម្តេច​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ទៅកាន់​អង្គ​មហាសន្និបាត របស់​អង្គការសហប្រជាជាតិ នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​២៨​កញ្ញា។

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ញ៉ូ​វ៉ា​ក រដ្ឋ​ញ៉ូ​វ​យេ​ស៊ី វត្តមាន​នៃ​ការអញ្ជើញ​ដល់ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍ ពី​លោក កែ សុវណ្ណ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍ របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ ព្រមទាំង​វត្តមាន លោក លោកស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​អង្គការ​សហ ប្រជាជាតិ និង​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​។

​បន្ទាប់ពី​ធ្វើការ​ចុះចត​ដោយ​សុ​វត្ថិភាព នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ញ៉ូ​វ៉ា​ក រដ្ឋ​ញ៉ូ​វ​យេ​ស៊ី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​បានធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ផ្លូវ​ក្រោម​សមុទ្រ ឆ្ពោះទៅកាន់​សណ្ឋាគារ​មី​លី​នៀម ហ៊ីលតុន ក្នុង​បុរី​ញ៉ូ​វ​យ៉​ក ក្បែរ​នឹង​អគារ​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​។

​នៅ​សណ្ឋាគារ​មី​លី​នៀម ហ៊ីលតុន វត្តមាន​នៃ​ការអញ្ជើញ ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​បំផុត ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ដែលជា​តំណាង​សហគមន៍​ខ្មែរ​រស់នៅ​សហរដ្ឋ អាមេរិក និង​កាណាដា ជាច្រើនរូប​។

​សូម​បញ្ជាក់ដែរថា ដំណើរ​ទៅកាន់​បុរី​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅពេលនេះ គឺជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​ទៅកាន់​បរទេស​លើក​ទី​៤ បន្ទាប់ពី​រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី​៦ នៃ​រដ្ឋសភា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​៦ ខែកញ្ញា​កន្លងទៅ​ថ្មីៗ ដែល​រហូត​មក​ដល់​ពេល​នេះ ទើប​មាន​រយៈពេល​២១​ថ្ងៃ។

មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ធ្វើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ មាន​សារសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់​: ភាពជា​អ្នកដឹកនាំ​សកល និង​ការទទួល ខុសត្រូវ​រួម សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព​»​។ នៅក្នុង​របៀបវារៈ​ដ៏​មាន​សារសំខាន់​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងធ្វើ​សេចក្តីថ្លែងការណ៍ ផ្តោតលើ​ការវិវត្ត​នាពេល​ថ្មីៗ និង​សមិទ្ធិផល​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការ​ព្រួយបារម្ភ​រួម។

ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ក្នុង​ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ លោ​ល អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ,​លោក បូ​យ​កូ បូរី​ស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​, លោក ខាដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី​នេប៉ាល់ និង​ជួបពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួនទៀត។

ក្នុងអំឡុងពេល​ស្នាក់នៅ​បុរី​ញូវយ៉ក​នោះដែរ​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu