កំពង់ចាម ៖ គិតមកដល់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅខេត្តកំពង់ចាម ជនរងគ្រោះដោយពស់ចឹកនិងសត្វផ្សេងៗទិចឬខាំមានចំនួនជាង១០០នាក់ ក្នុងរដូវទឹកលិចដោយជំនន់ទឹកទន្លេមេគង្គ ឆ្នាំនេះ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៨នេះថា សម្រាប់ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ មានករណីពស់ចឹក២នាក់បន្ថែមទៀត ១/ឈ្មោះសែន សេង ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ចូលសម្រាកនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង១៨និង៥៥នាទី ដោយសារពស់ចឹកចំម្រាមដៃកណ្តាលខាងស្តាំ (ចឹក៧ម៉ោងមុនចូលសម្រាកពេទ្យ) ហើមឈឺចុកចាប់ ក្រោយពីបានទទួលការព្យាបាលអ្នកជំងឺបានធូរស្រាល នេះជាករណីពស់ចឹកទី៨៣នាក់ចឹកពេលគាត់កំពុងរើគំនរអូស។ ២/ឈ្មោះ សាន ស្រីធាន ភេទស្រីអាយុ ១៥ឆ្នាំ រស់នៅភូមិក្តារផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំចូលសម្រាកនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង ១៧និង០០ ដោយសារពស់ចឹកចំខ្នងដៃខាងស្តាំ (ចឹក៥ម៉ោងកន្លះមុនចូលសម្រាកពេទ្យ ពេលរើសផ្លែត្របែក) ហើម ឈឺចុកចាប់ ក្រោយពីបានទទួលការព្យាបាលអ្នកជំងឺបានធូរស្រាល នេះជាករណីពស់ចឹកទី៨៤នាក់។
មន្ត្រីដដែលបានបញ្ជាក់ថា បើគិតមកដល់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦និង០០ព្រឹកមាន នេះ ករណីពស់ចឹក ៨៤នាក់(ស្រី២៩) ករណីសត្វល្អិតផ្សេងៗខាំមាន ២១នាក់(ស្រី ៥នាក់) សរុបរួមទាំងអស់១០៥នាក់ ហើយ(ស្រី៣៤នាក់)តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕
Source: Kampuchea Thmey Daily
0 Comments