Ad Code

ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​អនុប្រធាន​អូឡាំពិក​កម្ពុជា



អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ថា​ង ហ្គោ​ដុន​(Thang Gordon) បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី គឺ​សាលី អ៊ូ​ម៉ើ​ត និង កីឡាការិនី​ជេ​សា ខាន់ ។​ពិធី​ប្រគល់​រង្វាន់​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ថោង ខុន ប្រធាន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅក្នុង​ស្នាក់ការ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃទី​១៥​កញ្ញា​។​

លោក ថា​ង ហ្គោ​ដុន ជា​ជនជាតិ​សឹង្ហ​បូរី​មាន​សញ្ជាតិ​កម្ពុជា​និង​សព្វ​ថ្ងៃជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា។ លោក​គឺជា​មេដឹកនាំ​កីឡា​មួយរូប​ដែល​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ដល់​កីឡា​កម្ពុជា​សម្រាប់​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស និង ជួយ​អភិវឌ្ឍន៍​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា ។​

នៅក្នុង​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ទើបតែនឹង​បញ្ចប់​នេះ​កីឡាការិនី​កម្ពុជា​ជេ​សា ខាន់​ដែល​លេង​ប្រភេទ​កីឡា​ប្រយុទ្ធ​ជី​ជិត​ស៊ូ​នោះ​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង ។​ចំពោះ​កីឡាករ​ម៉ូតូ​ទឹក​គឺ​កីឡាករ​សាលី អ៊ូ​ម៉ើ​ត​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង និង សំរិទ្ធ​មួយគ្រឿង ។​

ជាមួយនឹង​ជោគជ័យ​នេះ​លោក Thang Gordon បានផ្ដល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​មេដាយមាស​៨.០០០​ដុល្លារ និង​មេដាយសំរិទ្ធ​៣.០០០​ដុល្លារ ។​

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ម្ចាស់​ជ័យលាភី​ទាំង​២​រូបនេះ​បានទទួល​រង្វាន់​លើកទឹកចិត្ត​ដែល​ក្នុងនោះ​ណាហ្គា​វើ​ល​ផ្ដល់​រង្វាន់​សម្រាប់​មេដាយមាស​១០.០០០​ដុល្លារ និង​សំរិទ្ធ​៣.០០០​ដុល្លារ ។​ចំពោះ​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​ក៏បានផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu