ភ្នំពេញ ៖ ដើម្បីអោយកំណាត់មហាវិថីឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ ចាប់ពីផ្លូវរទេះភ្លើងបាត់ដំបងទៅដល់ផ្លូវហាណូយ កាន់តែមានសោភណភាព កាត់បន្ថយបានការគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់បង្គោលភ្លើងបំភ្លឺសាធារណៈដែលមានរហូតដល់ទៅជិត៣០០បង្គោល ស្របពេលដែលកំណាត់ផ្លូវមួយនេះមានប្រជាពលរដ្ឋធ្វើចរាចរយ៉ាងមមាញឹកនោះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា មហាវិថី ឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់បង្គោលភ្លើងដោយចាប់ផ្តើម ពីផ្លូវរទេះភ្លើងបាត់ដំបងទៅដល់ផ្លូវហាណូយ ដែលមានប្រវែង១២,៦គីឡូម៉ែត្រ និងមានបង្គោលភ្លើងចំនួន២៨៥ដើម។
លោក សាំ ពិសិដ្ឋ បានបន្តថា គម្រោងនេះបានចាប់ផ្តើមដាក់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៨មក ហើយគ្រោងបញ្ចប់ ដើមខែវិច្ឆិកា២០១៨ ខណៈដែរ យើងបាននិងកំពុងដាក់អោយដំណើរការបំភ្លឺជូនប្រជាពលរដ្ឋបានចំនួន៥២បង្គោលហើយនោះ៕
Source: Kampuchea Thmey Daily
0 Comments