ភ្នំពេញ ៖ ជម្លោះព្រំដែន កម្ពុជា-ឡាវ នៅតំបន់អូរតាង៉ាវនៃខេត្តស្ទឹងត្រែងប្រទេសកម្ពុជា ជាប់ខេត្តអាតាពើ ប្រទេសឡាវត្រូវបានដោះស្រាយគ្នាជាថ្មីម្តងទៀតដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។ ដំណោះស្រាយបន្ថែមថ្មីនៅតំបន់អូតាង៉ាវ ដែលមិនទាន់បានដោះស្រាយដាច់ស្រេចនោះធ្វើឡើងខណៈសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៣ខែកញ្ញានេះ។
ក្នុងកិច្ចពិភាក្សារយៈពេលប្រមាណ ៣០នាទី នៅទីក្រុងហាណូយប្រទេសវៀតណាមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវបានសម្រេចដាក់តំបន់អូរតាង៉ាវជាតំបន់ព្រំដែនដែលមិនទាន់ដោះស្រាយគ្នាដាច់ស្រេចរវាងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ឡាវ។ បន្ទាប់ពីជួបជជែកគ្នាអស់រយៈពេលប្រមាណ៣០នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តើមធ្វើសេចក្តីថ្លែងការណ៍រួមដោយផ្ទាល់មាត់ដោយលោកលើកឡើងចំនួន៣ចំណុចគឺ ទី១. ត្រូវរក្សាទុកជាតំបន់គ្មានកងទ័ព, ទី២. ជាតំបន់ដែលគ្មានប្រជាជនរស់នៅនិងធ្វើអាជីវកម្ម និង ទី៣. ត្រូវធ្វើល្បាតរួមគ្នា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថាការធ្វើល្បាតរួមគ្នា គឺអាចធ្វើដោយថ្មើរជើង និងអាចធ្វើតាមរយៈការបង្ហោះដ្រូនមើលរួមគ្នា។ សម្រាប់កម្ពុជាដែលមានកម្លាំងនៅក្នុងតំបន់អូរតាង៉ាវសម្តេចបានបញ្ជាឲ្យចាប់ផ្ដើមដកនៅមុនកិច្ចប្រជុំកន្លះម៉ោងទៅកាន់តំបន់ឈរជើងចាស់អូរអាឡៃ ហើយបញ្ចប់នៅម៉ោង៥ល្ងាច ថ្ងៃទី១៣កញ្ញា។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន អ្វីដែលជាចំណុចថ្មីនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរគឺការបង្កើតនូវការជឿទុកចិត្តឲ្យមានការល្បាតរួមគ្នានៅតាមព្រំដែន។ រីឯចំណុចដែលនៅសេសសល់មិនទាន់បានដោះស្រាយភាគីទាំងពីរត្រូវធ្វើបែបបទបច្ចេកទេសជូនទៅភាគីបារាំង ដែលភាគីបារាំង បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីទាំងពីររួចហើយអំពីការជួយផ្ទេរផែនទីពីខ្នាត១ លើ១០០.០០០ មកខ្នាត១លើ៥០.០០០។
មួយវិញទៀតការល្បាតរួមគ្នានៅពេលនេះគឺចាំបាច់ត្រូវតែធ្វើព្រោះបើតាមសម្តេចតេជោហ៊ុន សែនគឺមិនចង់ឲ្យតំបន់ដែលមិនទាន់បានដោះស្រាយដាច់ស្រេចនេះ ក្លាយជាជម្រករបស់ពួកចោរព្រៃ ពួករត់ពន្ធគ្រឿងញៀន និងពួកកាប់បំផ្លាញព្រៃឈើ។
នៅក្នុងឱកាសនោះដែរលោក ថងលួនស៊ីសូលីត បានថ្លែងថា៖ ខ្ញុំគិតថាការជួបចរចាជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះគឺ យើងបានឯកភាពគ្នាលើចំណុចសំខាន់ដូចសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់រួចមកហើយ ថាតំបន់នេះជាតំបន់ដែលនៅសេសសល់ មិនទាន់បានដោះស្រាយ។
ការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរនៅពេលនេះគឺជាការឯកភាពមួយដែលមានសារៈសំខាន់ដែលបង្កឲ្យមាននូវភាពជឿទុកចិត្តគ្នាទៅវិញទៅមក ដែលធ្វើអោយប្រជាជនរបស់យើងទាំងពីរកាន់តែមានភាពសុខសាន្ត និង សប្បាយរីករាយ។ លក្ខខណ្ឌដែលសម្តេចតេជោបានលើកឡើងមកនេះយើងនឹងខិតខំធ្វើដោយមានការឯកភាពគ្នា។ យើងនឹងជំរុញឲ្យគណកម្មការព្រំដែនរវាង ប្រទេសទាំងពីរចុះទៅពិនិត្យដោយជាក់ស្តែងនៅចំណុចនោះ បើសិនជាមានការរំលោភចេញពីប្រទេសណាគឺស្នើឲ្យគណៈកម្មការព្រំ ដែននៃប្រទេសទាំងពីរចុះទៅដោះស្រាយដោយជាក់ស្ដែង។
រដ្ឋាភិបាលឡាវនឹងខិតខំណែនាំឲ្យគណៈកម្មាការព្រំដែននិងអាជ្ញាធរនៅតាមព្រំដែនខិតខំធ្វើការងារនេះដើម្បីរក្សានូវភាពសន្តិភាពនៅតាមព្រំដែន។ រដ្ឋាភិបាលនឹងខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ។ ចំណែកកិច្ចសហប្រតិបត្តិការផ្សេងៗ យើង បានឯកភាពឲ្យគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំង ២បើកកិច្ចប្រជុំរបស់ខ្លួនដើម្បីឲ្យកិច្ចប្រជុំគណៈកម្មការព្រំដែនប្រទេសទាំង ពីរសម្រេចបានជោគជ័យនៅពេលដែលខ្ញុំទៅទស្សនកិច្ចនៅកម្ពុជា។
សូមរំលឹកថាបញ្ហាព្រំដែនកម្ពុជា-ឡាវ បានជួបភាពតានតឹងខ្លាំងនឹងគ្នាកាលពីអំឡុងខែសីហាឆ្នាំ២០១៧កន្លងទៅដោយសារយោធាឡាវបានចូលមកឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះបានជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ហោះទៅកាន់ទីក្រុងវៀងចន្ទន៍ជាបន្ទាន់ដើម្បីបន្ធូរបន្ថយភាពតានតឹង។
នៅប៉ុន្មានថ្ងៃក្រោយមកនាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត ក៏បានហោះមកកាន់ទីក្រុងភ្នំពេញវិញដើម្បីដោះស្រាយបញ្ហាព្រំដែននេះ។
ក្នុងជំនួបទ្វេភាគីនោះនាយករដ្ឋមន្ត្រីទាំងពីរប្រទេសបានឯកភាពគ្នានឹងស្នើទៅកាន់ប្រធានាធិបតីបារាំង ដើម្បីស្នើសុំផែនទី និងឯកសារផ្សេងៗទៀតដែលទាក់ទងនឹងព្រំដែននៃប្រទេសទាំងពីរ ដើម្បីយកមកធ្វើជាគោលដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ឡាវ។ជំនួបដ៏កម្រអំពីបញ្ហាព្រំដែនរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងឡាវនាពេលនេះបានសម្រេចចេញនូវចំណុចឯកភាពគ្នាចំនួន៤។ ទីមួយ គឺភាភីទាំងពីរសម្រេចឲ្យរដ្ឋមន្ត្រីការបរទេសទាំងសងខាងជួបប្រជុំគ្នានៅក្នុងទីក្រុងភ្នំពេញនាពេលខាងមុខនេះ ដើម្បីរកដំណោះស្រាយក៏ដូចជាការយោគយល់អំពីបញ្ហាព្រំដែន។ ទីពីរ ភាគីឡាវបានយល់ព្រមដោះស្រាយលើចំណុចសំខាន់ៗទៅតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាដែលរួមមានដូចជា គឺចំណុចបង្គោលព្រំដែនលេខ៣៣០៣៣ ក៏ដូចជានៅតំបន់អូស្វាយវ៉ឺនខាំជាដើម។ ចំណុចទីបី គឺភាគីទាំងពីរបានឯកភាពឲ្យគណៈកម្មការព្រំដែនចុះទៅដោះស្រាយដោយផ្ទាល់នៅតំបន់អូតាង៉ាវដែលនៅសេសសល់។ រីឯចំណុចទីបួន គឺនាយករដ្ឋមន្ត្រីកម្ពុជា និងឡាវបានឯកភាពគ្នាសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំង ដើម្បីស្នើសុំបារាំងផ្ទេរផែនទីពីខ្នាត១លើ១០០ពាន់មក១លើ៥០ពាន់ និងស្នើសុំឲ្យបារាំងជួយផ្តល់ឯកសារផ្សេងទៀតដែលទាក់ទងនឹងព្រំដែនកម្ពុជា-ឡាវ។
បើយោងតាមគណៈកម្មការកិច្ចការព្រំដែនកម្ពុជាកម្ពុជានិងឡាវមានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រដោយត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល។ ប៉ុន្តែមកទល់ពេលនេះភាគីទាំងពីរបានបោះរួចចំនួន១២១បង្គោល ស្មើនឹង ៨៣ភាគរយនៅសល់ប្រមាណ ២៤បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះគឺស្ថិតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕
Source: Kampuchea Thmey Daily
0 Comments