សៀមរាប ៖ ដុំទឹកកកបានធ្លាក់រាយប៉ាយពេញថ្នល់ ខណៈតៃកុងរថយន្តក្នុងស្ថានភាពងងុយដេក បើកបរក្នុងល្បឿនលឿន រ៉េចង្កូតទៅបុកគល់គគីរ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ត្រង់ចំណុច ភូមិឱឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយានដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2B-1021 បើកបរដោយឈ្មោះលី ឡាយ ប្រុសអាយុ២២ឆ្នាំ ទីលំនៅភូមិថ្នល់ត្រង់ ឃុំពពេល ស្រុកសូទ្រនិគម។ ប្រភពបន្តថា ក្នុងហេតុការណ៍ បណ្តាឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ជាតៃកុង និង រថយន្ត១គ្រឿងរងការខូចខាតយ៉ាងដំណំ។ មូលហេតុបណ្តាលមកពី អ្នកបើកបររថយន្ត ងងុយដេក។
អ្នកឃើញហេតុការណ៍និយាយថា វាព្រលឹងចុងសក់រួចទៅហើយ សម្រាប់អ្នកនៅក្បែរ និងអ្នកធ្វើដំណើរលើផ្លូវជាតិ ម្តុំកន្លែងកើតហេតុ។ នេះបានដើមគគីររងជំនួស ចុះបើគ្មានវិញ តើមនុស្សប៉ុន្មាននាក់ ដែលត្រូវតៃកុងឡានរូបនេះ ធ្វើឃាតដោយមិនមានកំហុស? ដូច្នេះសមត្ថកិច្ចគួរមានវិធានការទៅលើ ជនបើកបរដែលមិនមានស្មារតីគ្រប់គ្រាន់ ដូចបុគ្គលខាងលើនេះ បើទោះបីពេលនេះបង្កដោយ ខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments