អ្នកឈ្នះ២នាក់ចុងក្រោយ ក្នុងការប្រកួតជុំទី៣ ដែលជាការប្រកួតវគ្គជម្រុះ៨នាក់ចុងក្រោយ ដើម្បីរកកៅអីសម្រាប់ឈានឆ្ពោះទៅប្រកួតបន្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.Cement ទម្ងន់៦០គ.ក្រនោះ គឺលិញភារម្យ អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរ និង លន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បន្ទាប់ពីពួកគេទាំងពីរ បានឈ្នះលើដៃគូប្រកួត កាលពីយប់ថ្ងៃសៅរ៍ទី១៥កញ្ញា២០១៨ នៅសង្វៀនTV5ព្រែកកំពឹសនោះ ។
លិញ ភារម្យ គេបានយកឈ្នះពុទ្ធ សំបូរ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡាដោយពិន្ទុ បន្ទាប់ពីវាយគ្នា៣ទឹកពេញនោះ។ ដូច្នេះ ពុទ្ធ សំបូរគេត្រូវខ្ទាតចេញពីព្រឹត្តិការណ៍ពានរង្វាន់ជើងឯកKnock Out Series by K.Cement ទម្ងន់៦០គ.ក្រ ត្រឹមជុំទី៣នេះ ឯ លិញ ភារម្យ គេនឹងត្រូវបន្តការប្រកួតជម្រុះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ។
ចំពោះ លន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ក៏បានវាយឈ្នះ ម៉ឺន មេឃា អ្នកប្រដាល់ក្លិបមនោរម្យភ្នំតូច ដោយពិន្ទុដែរ បន្ទាប់ពីប្រកួតគ្នា៣ទឹកនោះ ។ ម៉ឺន មេឃា វាយចាញ់លន បញ្ញា ដាច់តែម្តង ដោយក្នុងទឹកទី២ត្រូវលនបញ្ញាវាយអោយអាជ្ញាកណ្តាលរាប់៨ពីរដងដោយសារត្រូវនឹងជង្គង់ ។
ដូច្នេះ ម៉ឺន មេឃា ត្រូវហាលអាវត្រឹមនេះ ហើយលន បញ្ញា ត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតជម្រុះជុំទី៣នេះ ចម្រាញ់បានអ្នកប្រដាល់ចំនួន៤នាក់ សម្រាប់ឡើងទៅបន្តការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០ គីឡូក្រាម ។ អ្នកប្រដាល់ទាំង៤រូបនោះ គឺ លិញភារម្យ អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរ លន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធ និងឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ។
ចំពោះ ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះ អេ រដ្ឋា អ្នកប្រដាល់ជើង ខ្លាំងកម្ពុជានៃក្លិបអេភូថងកីឡា បានផ្តួលអ្នកប្រដាល់ថៃChhay Monkhun អោយបោះបង់ ចោលការប្រកួតក្នុងដើមទឹកទី៣ ក្រោយពីអេ រដ្ឋាបានទាត់ជើងក្រោមរបស់គេអោយរបូត ក្បាលជង្គង់ម្ខាងនោះ។
Chhay Monkhunនេះ បើតាមលោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួតអួតប្រាប់មុនការប្រកួតនោះថា អេ រដ្ឋា មិនអាចស៊ូជាមួយបានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ ធ្លាប់ផ្តួលឃីម បូរ៉ា ជើងខ្លាំងក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក្នុងទឹកទី២ឯណោះ។ តែផ្ទុយស្រឡះChhay Monkhunត្រូវចាញ់អេ រដ្ឋាក្នុងទឹកទី៣ទៅវិញ ។
ដោយឡែក ឯក កៃឈៀង អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ បានវាយឈ្នះ ទី ពន្លែត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ៕
Source: Kampuchea Thmey Daily
0 Comments