Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ត្រឡប់មក​មាតុភូមិ​វិញ​នាំមក​ជោគជ័យ​ជាច្រើន​ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស



ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយពេល​៤ ថ្ងៃ​នៅ​ក្រៅ​ប្រទេស បន្ទាប់ពី​បង្កើត​រាជរដ្ឋាភិបាល​ថ្មី ដើម្បី​ចូលរួម​ពិធី​តាំងពិព័រណ៍​អាស៊ាន​-​ចិន​លើក​ទី​១៥ នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី​ប្រទេស​ចិន (​ពីថ្ងៃ​ទី ១០ ដល់ ១២ ខែកញ្ញា​) ដែល​នៅ​ទីនោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ចំណាយពេល​ជួប និង ពន្យល់​ក្រុមហ៊ុន​ធំៗ​របស់​ចិន និង ពាណិជ្ជករ វិនិយោគិន បរទេស​ឲ្យ​បាន​ដឹក​បាន​យល់​ពី​សក្តានុពល​របស់​កម្ពុជា​ដែលមាន​លក្ខណៈ​អំណោយផល​សម្រាប់​ការវិនិយោគ។

តម​កនៅ​ព្រឹក​ថ្ងៃទី​១២ ខែ កញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​កាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ដែលជា​វេទិកា​មួយ​ដ៏​មាន​សារៈសំខាន់​ដែល​ផ្តល់នូវ​ទស្សនាទាន​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​មកដល់​មាតុប្រទេស​វិញ​កាលពី​ល្ងាច​ថ្ងៃទី ១៣ ខែកញ្ញា​ដោយ​សុ​វត្តិភាព ដោយ​ពាំ​នាំមក​ជាមួយ​នូវ​ជោគជ័យ​ថ្មី​ថែមទៀត​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ ​



​ក្នុងការ​ស្នាក់នៅ​ទីក្រុង​ណាន់​នី​ង​ដើម្បី​ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន​លើក​ទី​១៥ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ចំនួន​២ , និស្សិត​កម្ពុជា​ចំនួន ២២៩ នាក់ និង លេខាធិការ​បក្ស​ខេត្ត​គង់​ស៊ី ,​អញ្ជើញ​ចូលរួម​វេទិកា​តុមូល​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​ចិន ជួប​ឧបនាយករដ្ឋមន្ត្រី​ចិន និង ជួប​ក្រុមហ៊ុន​ធំៗ​ចំនួន ៨ របស់​ចិន , បន្ទាប់មក​ចូលរួម​បើក​ពិ​ព័រ​ណ៍​អាស៊ាន​ចិន​លើក​ទី​១៥ ដោយបាន​ឡើង​ថ្លែង​នូវ​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​ពាក់ព័ន្ធ​ជាមួយ​សក្តានុពល​នៃ​សេដ្ឋកិច្ចកម្ពុជា និង អញ្ជើញ​ទស្សនា​ស្តង់​ពិ​ព័រ​ណ៍​របស់​កម្ពុជា ,​អញ្ជើញ​ដាំ​ដើមឈើ​និង​រមណីយដ្ឋាន​ជាតិ​ក្រុង​ណាន់​នី​ង ,​អញ្ជើញ​ទស្សនា​ភាពយន្ត​ឯកសារ 3D ដែល​និយាយ​ពី​ភាព​រុង​រឿង​នៃ​អាណា​ចក្រ​ខ្មែរ។



​នៅ​ថ្ងៃ​ទីមួយ ក្នុងការ​ស្នាក់នៅ​ក្នុង​ទីក្រុង​ណាន់​នី​ង​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អនុញ្ញាតិ​ឲ្យ លោក លូ ស៊ីន​សឺ (Lu Xinshe) លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី​ចូលជួប​សំដែង​ការគួរសម ។ លោក លូ ស៊ីន​សឺ បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​និង​គ​ណះ​ប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​ពិ​ព័រ​ណ៍​ចិន​អាស៊ាន លើ ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង ហើយ​ដែល​ក្នុង​រយៈពេល​កន្លងមក​នេះ​សម្តេច​បាន​អញ្ជើញ​ចូលរួម​ចំនួន ១១ លើក​មកហើយ។ ក្នុងនាម​ប្រជាជន​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី លោក​សូម​ចូលរួម​ផ្តល់ជូន​អង្ករ​ផ្កាម្លិះ​ដែល​មាន​តម្លៃ ១ លាន​ដុល្លារ​ជូន​ដល់​សម្តេច​និង​រាជរដ្ឋាភិបាល​កម្ពុជា។



លោក លូ ស៊ីន​សឺ បន្ត​ថា ​លោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ប្រទេស​កម្ពុជា ក្នុងនោះ​រួម​ទាំង​បញ្ហា​គ្រោះ​ទឹកជំនន់​កាល​ពី​ពេល​ថ្មី​នេះ​។ លោក​បន្ត​ថា ដោយសារ​ការ​តាំង​ពិព័រណ៍​ឆ្នាំ ២០១៨ នេះ​មាន​លក្ខណៈ​ពិសេស គណៈកម្មាធិការ​ពិ​ព័រ​ណ៍​បាន​អញ្ជើញ​បណ្តា​ប្រទេស​ពី​តំបន់​អា​ហ្វ្រី​ក ដែលជា​ប្រទេស​ស្ថិត​ក្នុង​វិថី​សូត្រ​សមុទ្រ​របស់​ចិន​ចូលរួម​តាំង​ពិ​ព័រ​ណ៍​រហូតដល់​ជាង ៦.៦០០ ស្តង់ និង ក្រុមហ៊ុន​ជាង ៧.០០០ ចូលរួម​សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ដោយ​ការ​រីករាយ​ដែល​រដ្ឋាភិបាល​និង​ប្រជាជន​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី ដែល​បានសម្រេច​ឧបត្ថម្ភ​អង្ករ​ដែលមាន​តម្លៃ​១​លាន​ដុល្លា ​ជូន​ដល់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ជាពិសេស​ចំពោះ​ប្រជាជន​ដែល រងគ្រោះ​ដោយ​ទឹកជំនន់។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា សម្តេច​និង​យក​អង្ករ​ទាំងនេះ​ជូន​ដល់​កាកបាទក្រហមកម្ពុជា។



នៅ​ព្រឹក​ថ្ងៃទី​១១ ខែ កញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ ចូលរួម​កិច្ច​សន្ទនា​តុមូល​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធំៗ របស់​ប្រទេស​ចិន​ដែល​កំពុង​វិនិយោគ និង ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទាំងនោះ វិនិយោគ​ទៅលើ​វិស័យ​ធនាគារ ហិរញ្ញវត្ថុ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង វិស័យ​កសិកម្ម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​គូសបញ្ជាក់​យ៉ាង​មុតមាំ​ថា​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី ៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់ នឹង បន្ត​ជំរុញ​លើកទឹកចិត្ត និង ផ្តល់នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់​ក្នុងនោះ​រាប់ទាំង​វិនិយោគទុន​ចិន​ដែលមាន​វត្តមាន​នៅទីនេះ​និង​ដែលមាន​គម្រោង​ទៅ​បណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ផងដែរ​។​ ជាមួយនិង​ការលើកឡើង​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ដល់​អ្នក​វិ​និ​យោគ​ទុន​ចិន​ពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ក្នុង​ការផ្តល់​កម្ចីសម្បទាន​ដល់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​ការតភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ការតភ្ជាប់​ជាមួយនិង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​ការ​តភ្ជាប់​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ផ្លូវទឹក ផ្លូវគោក និង ផ្លូវ អាកាស​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ទៅកាន់​បណ្តា​ក្រុមហ៊ុន​ចិន​សុំ​កុំ​ឲ្យ មានការ​ភ័យខ្លាច​ទៅលើ​ការ​លុប​កុងត្រា​ចាស់​ណាមួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​ថ្មី​ទៅលើ​គម្រោង​វិនិយោគ​របស់​ក្រុម ហ៊ុន តែ​ផ្ទុយទៅវិញ​រាជរដ្ឋាភិបាល​ថ្មី​នីតិ កាល​ទី​៦ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​សម្តេច។ សម្តេច​នឹង​បន្ត​ការពារ​នូវ​រាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា។

នៅ​ល្ងាច​ថ្ងៃទី​១១ ខែ កញ្ញា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បន្ត​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំៗ​ចិន​ចំនួន ៨ ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ។

ក្រុមហ៊ុន​ទាំង ៨ នោះ​រួមមាន​៖ ១. ក្រុមហ៊ុន Xiaomi Corporation, ២.​ក្រុមហ៊ុន Zhejiang Geely Holding Grou, ៣.​ក្រុមហ៊ុន CHINT Group Co., Ltd, ៤.​ក្រុមហ៊ុន Dongming Petrochemical Group,៥.​ក្រុមហ៊ុន Futong Group Co., Ltd, ៦.​ក្រុមហ៊ុន Hollry Group, ៧.​ក្រុមហ៊ុន ENN Group Holding Limited, និង ៨.​ក្រុមហ៊ុន China Minseng Investment group​។ ក្រុមហ៊ុន ទាំងនេះ​ស្ថិតក្នុង សហព័ន្ធ​សភាពាណិជ្ជកម្ម​ចិន ដែល​ក្នុងនោះ​គឺមាន​ក្រុមហ៊ុន​ភាគច្រើន​បាន​និង កំពុង​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ១០​ឆ្នាំ​មកហើយ​លើ​វិស័យ​កសិកម្ម​, កំពង់ផែ ,​ថាមពល​, វា​រី​អគ្គីសនី​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​អំពី​ការគាំទ្រ​ចំពោះ​ក្រុមហ៊ុន​ទាំងចាស់​ទាំង​ថ្មី​ដែល មានបំណង​វិនិយោគ​នៅ​កម្ពុជា។ ទន្ទឹម​នឹង នោះ​ដែរ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​លើកទឹកចិត្ត ដល់ ក្រុមហ៊ុន​ទាំងអស់​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​គ្មាន​ការរើសអើង​ឡើយ​។

នៅពេល​រសៀល​ថ្ងៃទី​១១ ខែកញ្ញា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាម​លោក ហាន់ ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ទី​១ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ បន្ទាប់មក​សម្តេច​នឹង​ផ្តល់​កិច្ច​សម្ភាសន៍​ផ្ទាល់​ជាមួយ​សារព័ត៌មាន​ចិន​និង​នៅពេល​រាត្រី​សម្តេច​ត្រូវ​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធីជប់លៀង​ដែល​រៀបចំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ទី​១ របស់​ប្រទេស​ចិន។

នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ពន្លា​ជាតិ កម្ពុជា​ជាមួយ លោក ហាន់ ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ទី​១ ចិន​។ បន្ទាប់មក​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិ​ព័រ​ណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន លើក​ទី​១៥។



ត​មក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចាកចេញ​ពី​ទីក្រុង​ណាន់​នី​ង​ប្រទេស​ចិន​ហោះ​ត្រង់​ទៅកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​ល​លោក​ស្តីពី​អាស៊ាន ៤.០ (​សំដៅ​ទៅលើ​ការវិវឌ្ឍ​ឧស្សា ហ​កម្ម​ទី​៤ )។

នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​កំពូល​ពេញអង្គ​ស្តី​ពី​ចក្ខុវិស័យ​ថ្មី​សម្រាប់​តំបន់​មេគង្គ។ បន្ទាប់មក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទទួល​ជួប​រដ្ឋមន្ត្រី ការបរទេស​ជប៉ុន លោក តា​រូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ដោយ​ផ្តោត ទៅលើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល មេគង្គ ជប៉ុន ដែល​នឹង​ប្រព្រឹត្តធ្វើ​នៅ​ដើមខែ​តុលា ខាងមុខនេះ។

នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​អញ្ជើញ​អាហារ​ពេលព្រឹក​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​ឡាវ និង វៀតណាម មុន​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ពេញអង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧។ ក្នុង​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក​ការងារ​នោះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កម្ពុជា ឡាវ វៀតណាម បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការ​រឹត​ចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បី ពិសេស​ការ​រិះរក​គ្រប់​មធ្យោបាយ​ក្នុងការ​ជំរុញ​កិច្ច​អភិវឌ្ឍ សម្រាប់​ប្រទេស​ទាំង​បី​ដែល​ក្នុង​នោះ​ភាគី​ទាំង​បី​បាន​ផ្តោត​ការពិភាក្សា​ទៅលើ​ការបន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​សន្តិភាព ស្ថេរភាព ដើម្បី​ជំរុញ​កំណើន នៃ ការអភិវឌ្ឍ​ប្រទេស​ទាំងបី​កម្ពុជា ឡាវ និង​វៀតណាម​។

មេដឹកនាំ​នៃ​ប្រទេស​ទាំងបី​ក៏បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​គំរោង​នៃ​ការ​តភ្ជាប់​នៃ​ប្រទេស​ទាំង​បី​ពិសេស​នៅ​តំបន់ត្រីកោណ​ដែល​ជា​តំបន់​មួយ​មានការ​អភិវឌ្ឍ​ទាប​នៅឡើយ។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី ក៏បាន​ធ្វើការ​ពិនិត្យ​រួមគ្នា​ការងារ​ជា​អាទិភាព​មួយចំនួន​សម្រាប់​គម្រោង​អាទិភាព​នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ សំដៅ​ធ្វើយ៉ាងណា​កាត់បន្ថយ​គ​ន្លាត​នៃ​ការអភិវឌ្ឍ​តំបន់​ទាំងនោះ​ឲ្យ​មាន​ការតភ្ជាប់​និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ មេដឹកនាំ​នៃ​ប្រទេស​ទាំងបី​បាន​ប្តេជ្ញា​រួមគ្នា​ក្នុងការ​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​តាមរយៈ​ការពិនិត្យ​លទ្ធភាព​និង​ការ​ដាក់​សំណើ​ទៅកាន់​ដៃគូ​អភិវឌ្ឍ ដើម្បី​រក​កញ្ចប់​ថវិកា​អភិវឌ្ឍ​តំបន់ត្រីកោណ​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន ទ្វេ​ឡើង​ថែមទៀត ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ត្រីកោណ កាន់តែ​ទទួល​បាន​នូវ​ការ​លើកកម្ពស់ និង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu