ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីរថយន្ដកុងតឺន័រមួយគ្រឿងបើកវ៉ារថយន្ដមួយគ្រឿងទៀតហើយ ជ្រុលទៅបុកអ្នកជិះម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យម៉ូតូ និង មនុស្សរមូរចូលគ្នាស្លាប់ភ្លាមៗមួយរំពេច ហើយសពមានសភាពបាក់ដៃបាក់ជើងពីរបីកំណាត់ខ្ទេចគ្មានសល់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ទល់មុខបញ្ជាការដ្ឋានកងពលតូចលេខ៧០ស្ថិតនៅភូមិព្រៃព្រីងត្បូងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះយោងតាមអត្តសញ្ញាណប័ណ្ណនៅជាប់តាមខ្លួនមានឈ្មោះ ប្រាក់ បូរី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-9502 បើកក្នុងទិសដៅពីត្បូងទៅជើងជិះម្នាក់ឯង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះជិះក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យមលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបានបើកវ៉ាជែងជាមួយរថយន្តផ្សេងទៀតហើយបានជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះរមូរជាប់ជាមួយម៉ូតូបាក់ជើងនិងដៃជាច្រើនកំណាត់ហើយស្លាប់នៅភ្លាមៗនៅនឹងកន្លែងតែម្ដង។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗរថយន្តកុងតឺន័របានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ខណៈពេលភ្លាមៗនោះដែរស្រាប់តែមានម៉ូតូក្មេងជំទង់មួយគ្រឿងបានបើកវាក់អឺជាមួយម៉ូតូរងគ្រោះហើយបានដួលខ្លួនឯងរងរបួសស្រាលផងដែរបន្ទាប់មកក្មេងជំទង់ខាងលើត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១បានជួយសង្គ្រោះបឋមភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានមកដល់ភ្លាមៗផងដែរ ចំណែកសពជនរងគ្រោះដោយសារពុំមានសាច់ញាតិបងប្អូនណាម្នាក់ដឹងនៅឡើយត្រូវបានកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានឲ្យរថយន្តដឹកយកទៅរក្សាទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំបងប្អូនសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ៕
Source: Kampuchea Thmey Daily
0 Comments