Ad Code

ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ឃាត់​បាន​យានយន្ត​ចំនួន​៣០​គ្រឿង​ថែមទៀត​ដើម្បី​ត្រួតពិនិត្យ



ព្រះវិហារ ​៖ អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ នៅតែ​បន្ត​មាន​, ក្នុងនោះ​សម្រាប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ឃាត់​បាន​យានយន្ត​ចំនួន​៣០​គ្រឿង​ថែមទៀត​ដើម្បី​ត្រួតពិនិត្យ​។

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ លើ​ដង​ផ្លូវជាតិ​លេខ​៦២ នៅតែ​បន្ត​មាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ បើ​ទោះ​បី​ជា​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្ត ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក បាន​ដាក់​កម្លាំង​ប្រចាំការ​ស្ទាក់​ចាប់​ទាំងយប់​ទាំង​ថ្ងៃ​ក្តី។



ជាក់ស្តែង​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ក្រុមការងារ​ខេត្ត​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ដោយបាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក បាន​ឃាត់​យានយន្ត​ចំនួន ៣០​គ្រឿង ដើម្បី​ត្រួតពិនិត្យ និង​ធ្វើការ​ផាកពិន័យ​តាមច្បាប់​។

យោង​តាម​របាយការណ៍​របស់ ក្រុមការងារ​ទាំងពីរ​គោលដៅ​ដែល​បាន​ឈរជើង​លើ​ដង​ផ្លូវជាតិ​លេខ​៦២ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ខេត្ត​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ដោយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក បាន​ឃាត់​យានយន្ត​ចំនួន ៣០​គ្រឿង ក្នុង​នោះ ពិនិត្យ​ឃើញ​ថា​ ត្រឹមត្រូវ​ចំនួន ១០ គ្រឿង​ដឹក​សំពីងសំពោង ចំនួន ០២ គ្រឿង ខ្វះ​ឯកសារ ចំនួន ១០ គ្រឿង ឯកសារ​ក្លែងក្លាយ ចំនួន ០១ គ្រឿង​គ្មាន​ប័ណ្ណ​បើកបរ ចំនួន ០៤ នាក់ ប័ណ្ណ​បើកបរ​ក្លែងក្លាយ ចំនួន ០១​នាក់​រថយន្ត​គ្មាន​ផ្លាកលេខ ចំនួន ០២ គ្រឿង​។



បច្ចុប្បន្ន​យានយន្ត​ទាំងនោះ ក្រុមការងារ​បានធ្វើកា​រ​ផាកពិន័យ និង​ធ្វើ​ការអប់រំ​ណែនាំ​តាម​នីតិវិធី​។ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​បានដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu