ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក រ៉ានីល វីក្រេម៉េស៊ីង្ហ (RanilWickremesighe) នាយករដ្ឋមន្ត្រីស្រីលង្កាដែលធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាសម្តេចធ្លាប់អញ្ជើញទៅប្រទេសស្រីលង្កាកាលពីឆ្នាំ ១៩៧៩ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសហើយពេលនោះស្ថានភាពនៃប្រទេសទាំងពីរមានស្ថានភាពដូចគ្នា ពោលគឺយើងមិនទាន់អាចធ្វើកិច្ច សហការគ្នាបាន។
តាមរយៈជំនួបនៅពេលនេះសម្តេចបានស្នើឲ្យភាគី ស្រីលង្កា តាមរយៈក្រសួងការបរទេសនៃប្រទេសទាំងពីរធ្វើការសហការគ្នាក្នុងការ ជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀតដែលមានសក្តានុពលដូចគ្នា។
សម្តេចក៏បានឆ្លើយតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីស្រីលង្កាក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសស្រីលង្កា ក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរមេដឹកនាំទាំងពីរក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញ ទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសស្រីលង្កានៅឆ្នាំកន្លងមកទាំងការនាំចូលនិងនាំចេញទៅប្រទេសស្រីលង្កានោះមានទំហំទឹកប្រាក់ប្រមាណជាង ៣ លានដុល្លាអាមេរិក។ ដូច្នេះនៅក្នុងជំនួបពិភាក្សានោះភាគីទាំងពីរនឹងខិតខំបន្តពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានទំហំធំទៅមុខជាបន្តបន្ទាប់ទៀត៕
Source: Kampuchea Thmey Daily
0 Comments