ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសស្នាក់នៅ និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយប្រទេសវៀតណាមនៅល្ងាចថ្ងៃទី១២ ខែកញ្ញានេះ បានអនុញ្ញាតឲ្យ លោកតារ៉ូកូណូរដ្ឋមន្ត្រីការបរទេសជប៉ុនចូលជួបសំដែងការគួរសមនឹងពិភាក្សាការងារ។ នៅក្នុងជំនួបនោះភាគីទាំង ពីរបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារៈនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន នៅដើមខែតុលាខាងមុខ។
លោក តារ៉ូកូណូ បានថ្លែងនូវការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦បានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវយុត្តិធម៌ និង លទ្ធផលអាចទទួលយកបានដែលកម្ពុជាបានរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលភ្លូកទឹកភ្លូកដីហើយដែលសម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនីតិកាលទី៦នៃរដ្ឋសភាកាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកបានធ្វើការតាមដានដោយការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសភាពការណ៍ក្នុងប្រទេសកម្ពុជាក្រោយពីដំណើរការបោះឆ្នោតនិងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភារាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍រៀបរាប់ពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភារាជរដ្ឋាភិបាលថ្មី។ សម្តេចតេជោបន្តថា មកដល់ពេលនេះស្ថានភាពក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ពោលគឺស្ថិរភាពនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនតែប៉ុណ្ណោះក្រោមគំនិតផ្តួចផ្តើមដោយផ្ទាល់ពីសម្តេចកម្ពុជាបានបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានការចូលរួមពីគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីលើកបញ្ហាមួយចំនួនដែលទាក់ទិនទៅនឹងដំណើរការរបស់រាជរដ្ឋាភិបាល។
ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោនិងលោករដ្ឋមន្ត្រីការបរទេសជប៉ុនបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅនិងរបៀបវារៈ នៃកិច្ចប្រជុំកំពូលមេគង្គជប៉ុនដែលគ្រោងធ្វើឡើងនៅខែតុលានៅទីក្រុងតូក្យូប្រទេសជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈលោករដ្ឋមន្ត្រីការបរទេសជប៉ុន សូមថ្លែងនូវអំណរគុណជូនចំពោះលោកស៊ិនហ្សូអាបេ ដែលបានគោរពអញ្ជើញសម្តេចបំពេញទស្សនកិច្ចនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុននៅពេលខាងមុខពិសេសអញ្ជើញទៅចូលរួមទស្សនកិច្ចនៅទីក្រុងយូកូហាម៉ាដែលជាមូលដ្ឋាននៃការបោះឆ្នោតរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន៕
Source: Kampuchea Thmey Daily
0 Comments