Ad Code

លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ​ គឹមយ៉ាន លោក​សួន​បវរ​ បាន​ថ្លែងអំណរគុណ​អ្នកបោះឆ្នោត​និង​ធ្វើ​ពិធីជប់លៀង​មនុស្ស​រាប់ពាន់​នាក់​នៅ​វិទ្យាល័យ​មានជ័យ



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​១២ ​ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល អ្នកតំណាងរាស្ត្រ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​អ្នកតំណាងរាស្ត្រ​ជាច្រើន​នាក់​ទៀត​បាន​ធ្វើ​ពិធីជប់លៀង​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​រាប់​ពាន់នាក់​ដើម្បី​ធ្វើការ​ថ្លែងអំណរគុណ​ដល់​ពួកគាត់​ដែល​ខិតខំ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ប្លូក​ទឹក​ប្លូក​ដី​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦​ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ​បាន ឈ្នះ​អាសនៈ​អ្នកតំណាងរាស្ត្រ​៦​លើ​៦​អាសនៈ។



លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន​ឲ្យ​ដឹងថា​ ការ​ធ្វើ​ពិធីជប់លៀង​នេះ​ប្រព្រឹត្ត​នៅ​ថ្ងៃត្រង់ ថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៨ ខាងមុខនេះ​។ ក្នុង​នោះ​លោក​សួន បវរ ​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​កម្លាំងប្រដាប់អាវុធ​ទាំង​៣​មាន នគរបាល អាវុធហត្ថ ទាហាន និង​គ្រប់​មន្ទីរ​ជុំវិញ​ខេត្ត​ដែល​បាន​ធ្វើ​ការ​ទប់ស្កាត់​សកម្មភាព​ទាំងឡាយណា​ដែល​មាន​ការប៉ុនប៉ង​ញុះញង់​បំផ្លាញ​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ចុះ​បង្ក្រាប​រាល់​ការ​ប្រឆាំង​បាតុកម្ម​ទប់ស្កាត់​បង្ក្រាប​សកម្មភាព​ទាំងឡាយ​ណា​ ដែល​មាន​ការប៉ុនប៉ង​ញុះញង់​បំផ្លាញ​ការបោះឆ្នោត និង​ចេញ​ប្រតិបត្តិ​ការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ រក្សា​សុវត្ថិភាព នាំមក​នូវ​បរិយាកាស​ល្អ សម្រាប់​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦​នេះ។



លោក​សួន​ បវរ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​ប្រជាជន​ទាំងអស់គ្នា​ដឹង​ហើយ​ថា ​គណបក្ស​ប្រជាជន​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ​ដែល​មាន​គោលនយោបាយ​ប្រែក្លាយ​តំបន់​អតីត​សង្គ្រាម​ទាំងអស់​ទៅជា​ទីផ្សារ និង​ការ​អភិវឌ្ឍ ហើយ​សព្វថ្ងៃ​នេះ​តំបន់​អតីត​សមរភូមិ​សង្គ្រាម​ជាច្រើន​បាននឹង​កំពុង​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​កសាង​ផ្លូវថ្នល់ មន្ទីរពេទ្យ ពិសេស​ការដាក់​ពង្រាយ​សាលារៀន រោងចក្រ ដល់​មូលដ្ឋាន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ផ្តល់​ឱកាស​ការងារ​ជូន​ក្មួយៗ​បងប្អូន​ឲ្យ​បាន​កាន់តែច្រើន កាន់តែ​ជិត និង​កាន់តែ​ងាយស្រួល​បន្ថែមទៀត​។



ជា​មួយ​គ្នា​នេះ លោក​សួន​បវរ បាន​ថ្លែងអំណរគុណ​និង​ដឹងគុណ​ដល់​សមាជិក សមាជិកា​ទាំង​អស់​នៃ​មហា​គ្រួសារ​អ្នក​បន្ទាយមានជ័យ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន គ្រប់ៗ​អាណត្តិ​កន្លងមក ដើម្បី​សម្តេច​តេ​ជោ​ហ៊ុន សែន បន្ត​មិន​យកពន្ធ​លើ​ដី​ស្រែ និង​ការលក់ដូរ​កញ្ច្រែង​កញ្ជើ​ល្អី​ថែមទៀត​សំអាងថា ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ស្នាដៃ​ជាច្រើន​ ក្នុង​ការ​កសាង​ជាតិ​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក​រួម​មាន​ប្រទេសជាតិ​ដោយ​រក្សា​បាន​នូវ​ស្ថិរភាព សុខ​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​លើ​គ្រប់​វិស័យ ជាពិសេស​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​ផ្លាស់ប្តូរ​រីកចម្រើន​ធូរធារ​ជា​លំដាប់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu