ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈដែលរូបនាងបានតាំងខ្លួនជាព្រះហើយដើរស្រែកឡូឡាតាមផ្លូវសាធារណៈផ្អើលគេផ្អើលឯងធ្វើឲ្យបាត់បង់សណ្តាប់សាធារណៈនោះ ក៏បញ្ជូនទៅអគ្គនាយកអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរនាំបន្តទៀតផងដែរ។
នគរបាលអន្តោប្រវេសន៍ បញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ឈ្មោះ QIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានឃើញហេតុការណ៍នោះបានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីរូបនោះ ខណៈដែលឃើញនាងកាន់ដំបងធំប្រវែងកន្លះម៉ែត្រ ស្រែកឡូឡានៅតាមទីសាធារណៈ រំខានដល់ប្រជាពលរដ្ឋនិងជាពិសេសទៀតគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនទៀតផងនោះ។
ប្រភពព័ត៌មានបន្តថា បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាស្ត្រីចិនរូបនេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ។ រយៈកាលស្នាក់នៅប្រទេសកម្ពុជា គឺ គ្មានការងារច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី ដោយនិយាយតាំងខ្លួនឯងថាជាព្រះ។ បច្ចុប្បន្ន នគរបាលអន្តោប្រវេសន៍កំពុងបន្តនីតិវិធីលើស្ត្រីជនជាតិចិនរូបនេះ៕
Source: Kampuchea Thmey Daily
0 Comments