ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ។
ក្នុងជំនួបពិភាក្សាគ្នានោះ លោកសាស្ត្រាចារ្យ ក្លោស៍ ស្វាប់ បានមានប្រសាសន៍ស្វាគមន៍ជូនចំពោះសម្តេចតេជោហ៊ុន សែន ដែលបាន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅទីក្រុងហាណូយប្រទេសវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាមព្រមទាំងបាន ធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។ ជាមួយគ្នានេះសម្តេចតេជោបានស្នើសុំឲ្យលោកនាយកធ្វើការចែកចាយនូវឯកសារដ៏មាន សារៈសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល។
លោកសាស្ត្រាចារ្យសង្ឃឹមថា សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេស ស្វីសដែលទាក់ទិនទៅនឹងវិស័យកសិកម្មដែលកម្ពុជាកំពុងមានសក្តានុពល។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជា ប្រទេសនានាក្នុងតំបន់កំពុងមានការចាប់អារម្មណ៍និងមានការយកចិត្តទុកដាក់ដូចគ្នា។
តាមកម្មវិធីដែលបានគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃ ២២ ដល់ថ្ងៃទី ២៥ ខែតុលា ដើម្បីចូលរួមវេទិកាពាណិជ្ជកម្មដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រមាណ ២២ ប្រទេសចូលរួម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែមានវត្តមានជានិច្ចនៅគ្រប់វេទិកាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ វត្តមានរបស់សម្តេចគឺមានគោលបំណងតែមួយគត់គឺទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា និង ការស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments