Ad Code

ព្រះ​រាជអាជ្ញា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​មួយ​កន្លែង



ស្ទឹងត្រែង​ ៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ច្រឹង​ខ្មៅ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃទី​២៣ ខែ​កញ្ញា ​ឆ្នាំ ២០១៨ ត្រង់ចំណុច​ខាងក្រោយ​ហាង​ម្លប់​ចេក ស្ថិត​ក្នុងភូមិ​បា​ចុង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​កន្លែង​ស្តុក​ឈើ​នេះ​ជាទី​តាំង​ប្រមូល​ទិញ​ឈើ​តាម​ម៉ូតូ ​និង​រថយន្ត​ផ្សេងៗ​ ដែល​ដឹក​តាម​បណ្ដា​ភូមិសាស្ត្រ​ផ្សេងៗ​ក្នុង​ខេត្តស្ទឹងត្រែង​យក​មក​លក់​ឲ្យ​ថៅកែ​ឈើ​ឈូស​ច្រៀក​សំអាត​ថ្លឹង​គីឡូ​​​លក់​បន្ត​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ទៅកាន់​នៅ​រាជធានី​ភ្នំពេញ។

ប្រភព​បន្ត​ទៀត​ថា ​ទីតាំង​នេះ​ ជា​កន្លែង​សិប្បកម្ម​កែច្នៃ​ និង​ប្រមូល​ទិញ​ឈើ​គីឡូ​ខុសច្បាប់​ជា​យូរ​មក​ហើយ​ ដោយ​គេ​ប្រើ​រូបភាព​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​បន្លំ​ភ្នែក​សមត្ថកិច្ច​ដឹក​ចេញ​ស្ទើរ​រៀងរាល់​យប់​ដោយ​មិនមាន​ការ​រំខាន​ដល់​ពួកគេ​ឡើយ។

​លោក​ហ៊ុន​សំអឿន​នាយរង​សង្កាត់​អូរ​ពងមាន់​បាន​ឲ្យ​ដឹងថា​ ការបង្ក្រាប​នេះ​បន្ទាប់ពី​មានការ​រាយការណ៍​ទៅដល់​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះបង្ក្រាប​ទាំងយប់​តែម្តង។ ការបង្ក្រាប​នេះ​ គេ​បាន​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​គេ​ឈូស​សំអាត​រួចជាស្រេច​ដើម្បី​ធ្វើការ​ដឹកជញ្ជូន​ចេញ បាន​រាប់រយ​ដុំ ​និង​១៣​រ៉ឺម៉ក​ប្រមាណ​៤​តោន​និង​បាន​ដកហូត​ម៉ាស៊ីន​កែច្នៃ​ឈើ​ចំនួន ៦ គ្រឿង​ផងដែរ។

បច្ចុប្បន្ន​ឈើ​ដែល​បង្ក្រាប រួម​នឹង​វត្ថុតាង​ម៉ាស៊ីន ជា​មធ្យោបាយ​បំរើ​ឲ្យ​បទល្មើស​ខុសច្បាប់​ទាំង ៦ គ្រឿង ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដឹកជញ្ជូន​ចេញ​ទាំងយប់​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu