Ad Code

សមត្ថកិច្ច​បញ្ជូន​រថយន្ត​យី​ឌុប​បី​គ្រឿង​ដឹកឈើ​ម៉ៃសាក់​របស់​ក្រុមហ៊ុន កែវ វុទ្ធី មកកាន់​ស្នងការ



ស្ទឹងត្រែង ​៖ រថយន្ត​យី​ឌុប៣គ្រឿង​របស់​ក្រុមហ៊ុន​កែវ​វុទ្ធី​ដឹកឈើ​ម៉ៃសាក់​អត់​ច្បាប់ ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ចាប់បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

រថយន្ត​យី​ឌុប៣ គ្រឿង​នេះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះបង្ក្រាប ត្រង់ចំណុច​សង្កាត់​សាមគ្គី​ក្រុង​ខេត្តស្ទឹងត្រែង​ និង​បាន​បញ្ជូន​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​កម្លាំង​ដោយ​ស្ថាប័ន​តុលាការ។

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ​រថយន្ត​ដែល​សមត្ថកិច្ច​បង្ក្រាប​នេះ​គឺជា​ប្រភេទ​រថយន្ត​យី​ឌុប​ដឹកឈើ​ម៉ៃសាក់​ចេញពី​ក្រុមហ៊ុន​កែវ​វុទ្ធី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ដោយបាន​ទទួល​សេចក្ដីរាយការណ៍​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​សម្រេច​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះបង្ក្រាប​តែម្ដង។

លោក​គឹម ហុង​សាន ព្រះរាជអាជ្ញា​រង ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​រថយន្ត​យី​ឌុប​ចំនួន​៣​គ្រឿង​ដឹកឈើ​ម៉ៃសាក់ បន្ទាប់ពី​លោក​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល​ជាក់ស្តែង​ដើម្បី​រក​ឯកសារ​ពាក់ព័ន្ធ ជាក់ស្តែង​រថយន្ត​៣​គ្រឿង​នោះ ពុំមាន​ច្បាប់​អនុញ្ញាត ពី​ការដឹកជញ្ជូន​ឈើ​នៅ​ឡើយ​ទេ។

រថយន្ត៣​គ្រឿង​ខាង​លើ​នេះ ​បើ​តាម ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មួយ​គ្រឿង​ដឹក​យក​មក​ប្រើប្រាស់​ក្នុងស្រុក ​និង​២​គ្រឿង​ដឹក​ទៅកាន់​ទីផ្សារ​គោលដៅ​នៃ​ប្រទេស​វៀតណាម។

បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ម៉ៃសាក់​មិនទាន់​មានច្បាប់​ទាំង៣គ្រឿង​កាលពី​ល្ងាច ទី ២៥​ កញ្ញា​ម្សិលមិញ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ធ្វើការ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​ចាត់វិធានការ​ទៅតាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu