Ad Code

ពិព័រណ៍​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ជា​ផ្លូវការ



ភ្នំពេញ ​៖ ​ពិព័រណ៍​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​លើក​ទី​៦ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែកញ្ញា ​ឆ្នាំ​២០១៨ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​លោក ប៉ាក់ សុខុម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​លោកស្រី​ឯកអគ្គ​រដ្ឋ​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

លោក អែន​ឌ្រូ សៀវ (Andrew Siow)​អគ្គនាយក​ក្រុមហ៊ុន​ក្រុមហ៊ុន​AMB Tarsus Events Group​បាន​មានប្រសាសន៍ថា​ ពិព័រណ៍​នេះ​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១​ ខែកញ្ញា ​ឆ្នាំ២០១៨ ​មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ជាង​៣៥០​ក្រុមហ៊ុន​មកពី​៩​ប្រទេស​រួមមាន​ដូចជា ប្រទេស​ចិន ប្រទេស​បារាំង ប្រទេស​អ៊ីតាលី ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ម៉ាឡេស៊ី តៃវ៉ាន់ ប្រទេស​ថៃ សិង្ហ​បុរី និង សហរដ្ឋអាមេរិក​និង​ម៉ាក​ផលិតផល​ល្បីៗ​មកពី​៣០ ប្រទេស​នៃ​តំបន់​អាស៊ី​។

លោក​បាន​បន្ត​ថា ​ផលិតផល​ដែល​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​គឺ​សម្រាប់​ផ្គត់ផ្គង់​ទៅកាន់​តម្រូវការ​នៃ​ទីផ្សារ​វិស័យ​បដិសណ្ឋារកិច្ច ក្នុងនោះ​ពួកគេ​នឹងដាក់​បង្ហាញ ផលិតផល​ថ្មីៗ​ដ៏​សម្បូរ​បែប​ដូចជា ផលិតផល​ផ្នែក​ម្ហូបអាហារ ផលិតផល​ភេសជ្ជៈ​ជាច្រើន​ប្រភេទ សំភារៈ​ផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ សំភារៈ​ផ្គត់ផ្គង់​សណ្ឋាគារ ភោ​ជ្ជ​នី​យ​ដ្ឋា​ន និង ហាង​កាហ្វេ ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​ចាំបាច់​ក្នុងការ​ប្រើប្រាស់​សំរាប់​វិស័យនេះ​ទាំងមូល​ផងដែរ​។



លោក​បាន​បន្ថែម​ទៀត​ថា ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច ម្ហូបអាហារ និង​ភេសជ្ជៈ​អាច​ស្វែងរក​នូវ​គំនិត​ថ្មីៗ​សម្រាប់​អាជីវកម្ម ប្រភព​នៃ​ការស្វែងរក​អ្នកផ្គត់ផ្គង់​ថ្មី ក៏ដូចជា​ផលិតផល​ថ្មីៗ និង​ដំណោះស្រាយ​ផ្សេងៗ ព្រម​ជាមួយនឹង​ការស្វែងយល់​ពី​និន្នាការ​ចុងក្រោយ​នៅក្នុង​វិស័យនេះ​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា ​ពិព័រណ៍ CAMFOOD'18 / CAMHOTEL18 នឹង​ក្លាយជា​វេទិកា​នៃ​ការប្រកួតប្រជែង​ផ្នែក​ធ្វើ​ម្ហូប ផ្នែក​បដិសណ្ឋារកិច្ច​ប្រចាំឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ សហព័ន្ធ​ទេសចរណ៍​កម្ពុជា ដែល​ជា​វេទិកា​ប្រកួតប្រជែង​ដោយមាន​ការចូលរួម​ពី​សំណាក់​ចុងភៅ​ជំនាញ​ជាច្រើន​នាក់ និង​បុគ្គលិក​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច នឹងធ្វើ​ការប្រកួតប្រជែង ដើម្បី​ទទួល​បាន​ពានរង្វាន់ និង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​របស់ខ្លួន ដែល​មាន​វិញ្ញាសា​ប្រកួតប្រជែង​ជាង ១០វិញ្ញាសា​។

វិញ្ញាសា​ទាំងនោះ​រួមមាន ការប្រកួត​រៀបចំ​គ្រែ​គេង​សម្រាប់​សណ្ឋាគារ ការប្រកួត​ភ្លក់​រសជាតិ​ស្រាក្រហម (Sommelier) ការប្រកួត​រៀបចំ​តុ​អាហារ ការប្រកួត​រៀបចំ​ផ្កា ការប្រកួត​ឆុង​កាហ្វេ និង​ការប្រកួត​ក្រឡុក​ស្រា​នៅ​កម្ពុជា​។ វិញ្ញាសា​នៃ​ការប្រកួតប្រជែង​ទាំងនេះ មាន​គោលបំណង​ដើម្បី​បង្ហាញ ពី​សក្ដានុពល​នៃ​ភាព​រីកចម្រើន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​នៃ​ការផ្ដល់​សេវាកម្ម​ម្ហូបអាហារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​បង្ហាញ​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក​ជំនាន់​ក្រោយ​ក្នុង​ឧស្សាហកម្ម ផងដែរ។

លោក ប៉ាក់ សុខុម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ ពិព័រណ៍​ម្ហូបអាហារ ភេសជ្ជៈ​និង​បដិសណ្ឋារកិច្ច​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​លើក​ទី​៦​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូល​រួម​ចំណែក​លើកកម្ពស់​វិស័យ​ម្ហូបអាហារ​ក៏ដូចជា​វិស័យ​ទេសចរណ៍​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

គួរ​បញ្ជាក់​ថា ​ពិព័រណ៍ CAMFOOD'18 / CAMHOTEL18 ទទួលបាន​ការ​គាំទ្រ និង​សហការ​​ដោយ សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា សមាគម​ចុងភៅ​កម្ពុជា និង​សមាគមន៍​អ្នកជំនាញ​ស្រាក្រហម​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu