ខ្សែការពារ រស់ សំអឿន ដែលជាសមាជិកក្នុងក្រុមវិសាខា ដែលជាបេក្ខភាពកំពុងប្រជែងជើងឯកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) រដូវកាលនេះ បានវះកាត់របួសសសៃពួរជង្គង់របស់ខ្លួននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីពេលថ្មីៗ ខណៈមុខរបួសនេះការពេលសម្រាកព្យាបាលរយៈពេលយូរអង្វែងមួយ។
របួសរបស់កីឡាករ រស់ សំអឿន តាំងពីដើមជើងទី២មកម្ល៉េះនៅពេលហ្វឹកហាត់ជាមួយក្រុម ហើយស្ថានភាពរបួសនេះគឺវាប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមក្នុងការប្រជែងទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗផងដែរ។ ក្រោយវៈកាត់កីឡាករ រស់ សំអឿន បានលើកឡើងថា របួសរបស់ខ្លួនត្រូវការពេលសម្រាកចន្លោះចាប់ពី៨ទៅ១២ខែទើបអាចជាសះស្បើយនិងចូលទីលានប្រកួតបានឡើងវិញ។ របួសនេះបានធ្វើឲ្យរូបគេស្ថិតនៅក្រៅបញ្ជីក្រុមជម្រើសជាតិកម្ពុជា ផងដែរ។
កីឡាករ រស់ សំអឿន បានសម្រេចមិនបន្តកិច្ចសន្យាជាមួយក្រុមបឹងកេត ក្រោយផុតសុពលភាពនៃកិច្ចសន្យារយៈពេល១ឆ្នាំ កាលពីដើមឆ្នាំ២០១៨ កន្លងទៅ ដោយសម្រេចចេញមកចូលរួមជាមួយក្រុមវិសាខា។ រូបគេជាកីឡាករឆ្នើមមួយរូបក្នុងចំណោមកីឡាករឆ្នើមជាច្រើនរូបដែលក្លិបវិសាខា ចុះកិច្ចសន្យាបានសម្រេចបូកទាំងកីឡាករ កែវ សុខផេង, ទិត្យ ឌីណា,សុខ សុវណ្ណ និងកីឡាករកូរ៉េខាងជើង៥នាក់ផ្សេងទៀតជាដើម។
សូមបញ្ជាក់កីឡាករ រស់ សំអឿន បានចាប់អាជីពបាល់ទាត់ដំបូងជាមួយក្លិបឆ្លាមសមុទ្រ (រំសាយ) នៅឆ្នាំ២០១៣ ខណៈចាប់ពីឆ្នាំ២០១៣ ដល់២០១៧ បានរួមរស់ជាមួយបឹងកេតអែហ្វស៊ី (ចំការកៅស៊ូបឹងកេត) និងឆ្នាំ២០១៨ នេះចូលវិសាខា។ ចំណែកក្នុងជម្រើសជាតិកម្ពុជា វិញកីឡាករមកពីខេត្តកណ្ដាល រូបនេះបានជាប់ក្នុងបញ្ជីជម្រើសជាតិ U23 ជម្រើសជាតិកម្ពុជា ពីឆ្នាំ២០១៣ ដល់២០១៥ និងចន្លោះពីឆ្នាំ២០១៣ ដល់បច្ចុប្បន្នរូបគេក៏ជាប់ក្នុងជម្រើសជាតិឈុតធំផងដែរ។
ក្រោយឆ្លាមសមុទ្រ ធ្លាក់ចេញទៅក្របខ័ណ្ឌក១ នៅជំនាន់នោះ រស់ សំអឿន បានចេញមកបឹងកេត ដោយធ្លាប់ជោគជ័យជាច្រើនជាមួយក្លិបនេះក្នុងនោះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១៦ និង២០១៧ ពានរង្វាន់បើករដូវកាល CNCC Cup 2017 និងជាក្រុមជើងឯករងពានរង្វាន់ក្លិបអាជីពតាមដងទន្លេងមេគង្គ Toyota Mekong Club Championship នៅឆ្នាំ២០១៥ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments