ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា ដែលទើបចេញពីពន្ធនាគារ និងបានអះអាងថា ជាប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា តាំងពីដើមមក លោកមិនដែលចុះហត្ថលេខាលើលិខិតលាលែងម្តងណានោះទេ តែលោកបានចុះហត្ថលេខាផ្ទេរសិទ្ធិឲ្យលោក សួង សុភ័ណ្ឌ ធ្វើជាប្រធានស្តីទី ដូច្នេះលោក សួង សុភ័ណ្ឌ បានក្លែងឯកសារកុហកទាំងអ្នកគាំទ្រ និងក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលទោសនេះ អាចជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ។
លោក សួន សេរីរដ្ឋា លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពីនយោបាយ និងគណបក្សអំណាចខ្មែរ ដែលសន្និសីទនេះធ្វើឡើងនៅសណ្ឋាគារសាន់វេរ ក្បែរវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ និងបានអះអាងថា នឹងស្នើឲ្យក្រសួងមហាផ្ទៃ ធ្វើកោសល្យវិច័យឡើងវិញ លើលិខិតស្នាមទាំងអស់ ដែលលោក សួង សុភ័ណ្ឌ ដាក់ទៅមហាផ្ទៃ ហើយនឹងប្តឹងទៅតុលាការឲ្យចាត់វិធានការតាមច្បាប់។
លោក សួន សេរីរដ្ឋា បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំនៃការទទួលសិទ្ធិជាប្រធានស្តីទី លោក សួង សុភ័ណ្ឌ មិនបានធ្វើអ្វីសោះ សូម្បីតែលើកស្លាកនៅក្នុងតំបន់ ឬខេត្តណាមួយ ក៏អត់មានដែរ ហើយចំពោះវេទិកាអប់រំសិទ្ធនយោបាយ ដែលធ្លាប់បានធ្វើនោះ ក៏មិនដែលបានធ្វើដែរ។ មានន័យថា ក្រោយពេលលោកត្រូវបានចាប់ខ្លួន គឺលោក សួង សុភ័ណ្ឌ មិនបានធ្វើអ្វីទាំងអស់ គឺគាត់យកគណបក្សអំណាចខ្មែរ ដែលជាគណបក្សសកម្ម ទៅដេកអោបទុក ឲ្យក្លាយជាគណបក្សអសកម្ម នាំឲ្យមានការភាន់ច្រឡំពីសកម្មជន។
លោកបញ្ជាក់ថា “អ្វីដែលខ្ញុំចាប់អារម្មណ៍ទាក់ទងនឹងលិខិតក្លែងក្លាយមួយសន្លឹកនេះ លិខិតក្លែងក្លាយនេះ គឺ សួង សុភ័ណ្ឌ គាត់បានបង្ខំឲ្យសមាជិក ដែលធ្វើការនៅក្នុងគណបក្សអំណាចខ្មែររៀបចំធ្វើលិខិតក្លែងក្លាយមួយ ដើម្បីបញ្ជាក់ថា ខ្ញុំបានលាលែងពីតំណែងប្រធានបក្ស ហើយបានឲ្យកូពីកាត់តហត្ថលេខារបស់ខ្ញុំដាក់លើលិខិតក្លែងក្លាយនេះផ្សាយជាសាធារណៈ ហើយក៏ធ្លាប់បានឆ្លើយនៅចំពោះមុខអ្នកសារព័ត៌មានថា ខ្ញុំបានលាលែងដែរ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំអត់ដែលបានលាលែងពីប្រធានបក្សទេ ខ្ញុំធ្លាប់តែបានចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធឲ្យ សួង សុភ័ណ្ឌ ធ្វើជាប្រធានស្តីទី ចំពោះលិខិតលាលែងនេះ ជាលិខិតក្លែងក្លាយ”។
តាមលោក សួន សេរីរដ្ឋា “នេះជាបទឧក្រិដ្ឋមួយ ទាក់ទងបទព្រហ្មទណ្ឌ ដែលខ្ញុំបានស្នើទៅក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម គាត់ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្នើធ្វើយ៉ាងណា ឲ្យធ្វើកោសល្យវិច័យឡើងវិញ លើលិខិតស្នាមទាំងអស់ ដែល សួង សុភ័ណ្ឌ ដាក់ទៅមហាផ្ទៃ ក្នុងពេលដែលខ្ញុំជាប់ពន្ធនាគារ អត់មានសិទ្ធិធ្វើអ្វីៗដោយផ្ទាល់ ពេលនេះខ្ញុំមានសេរីភាព ខ្ញុំចាកចេញពីពន្ធនាគារ ខ្ញុំមានសេរីភាពក្នុងការនិយាយស្តី”។ ជាមួយគ្នានោះ លោក សួន សេរីរដ្ឋា ក៏បានបង្ហាញឈ្មោះមួយចំនួន ដែលបានចូលរួមសមាជ ជាមួយលោក សួង សុភ័ណ្ឌផងដែរ ដោយអះអាងថា មនុស្សទាំងនោះ បានសរសេរឯកសាកដោយដាក់ឈ្មោះខ្លួនឯង ថាជាសមាជិក អចិន្ត្រៃយ៍របស់គណបក្ស ប៉ុន្តែលោកបានអះអាងថា នៅក្នុងការគ្រប់គ្រងរបស់លោក គ្មានឈ្មោះទាំងនេះទេ។
លោក សួន សេរីរដ្ឋា អះអាងដែរថា “បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ ទទួលសំណើ ធ្វើកោល្យវិច័យរួចហើយ ខ្ញុំនឹងដំណើរការទៅមួយដំណាក់កាលទៀត គឺបញ្ជូនទៅតុលាការ បញ្ជូនករណីបន្លំហត្ថលេខាខ្ញុំនេះឲ្យតុលាការចាត់ចែងតាមច្បាប់”។
ទាក់ទងបញ្ហានេះ លោក សួង សុភ័ណ្ឌ បានអះអាងថា ក្នុងនាមជាប្រធានគណបក្សស្របច្បាប់ នៅថ្ងៃទី១៤ ខែកញ្ញា វេលាម៉ោង៨ព្រឹក លោកនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សួន សេរីរដ្ឋា ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ ទាក់ទងទៅនឹងការដែលលោក សួន សេរីរដ្ឋា ចោទថា បានបន្លំឯកសារលិខិតលាលែង។ លោកបញ្ជាក់ថា “ខ្ញុំអត់ចង់ប្តឹងទេ ប៉ុន្តែអ្វីដែលគាត់លើកឡើងនោះអត់យល់ពីផ្លូវច្បាប់។ ពាក់ព័ន្ធលិខិតលាលែងនេះ ធំធេងណាស់ ពាក់ព័ន្ធដល់អនាគតរបស់គណបក្ស ហើយបើគាត់មិនបានលាលែងមែន គណបក្សអំណាចខ្មែរត្រូវបានគេរំលាយបាត់ទៅហើយ។ ពីព្រោះយើងមើលទៅបក្សផ្សេង គណបក្សសង្គ្រោះជាតិ គណបក្សនេះរំលាយដោយសារអី ដោយសារលោក កឹម សុខា ជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នេះលោក កឹម សុខា អត់ទាន់ក្លាយជាទណ្ឌិតផង យើងត្រូវមើលផ្លូវរបស់វា។ ដូច្នេះក្នុងលក្ខខណ្ឌ ដែលគាត់ប្តឹងទៅក្រសួងមហាផ្ទៃ ហើយខ្ញុំអត់មានឯកសារពិតប្រាកដ ពាក់ព័ន្ធនឹងការលាលែង គណបក្សប្រឈមនឹងការរំលាយ”៕
Source: Kampuchea Thmey Daily
0 Comments