អាជ្ញាកណ្ដាលល្បីឈ្មោះ ថោង ច័ន្ទកិត្យា ដែលជាអតីតសមាជិកអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ (FIFA) ប្រចាំកម្ពុជា បានព្យួរកញ្ចែរបស់ខ្លួនអស់ជិត ២ឆ្នាំមកហើយ ខណៈពេលសាមីខ្លួនបានបង្ហើបពីបំណងចង់ត្រឡប់ទៅកាន់វាលស្មៅជាថ្មី ដើម្បីបំពេញការងារក្នុងអាជីពជាទីស្រលាញ់ តែក៏បានមើលឃើញពីឧបសគ្គចម្បង ២ ចំពោះមុខគឺ ការសម្រកទម្ងន់ និង ពេលវេលា។
អាជ្ញាកណ្ដាលដែលជាន់ទីលានប្រកួតក្នុងពានរង្វាន់ AFC Champion League បានមុនគេរូបនេះលើកឡើងថា «ខ្ញុំអត់ទាន់បោះបង់ចោលទេ មានតែចង់ត្រលប់ទៅវិញ ប៉ុន្តែខានធ្វើការ ខានហ្វឹកហាត់យូរអញ្ចឹង យើងអត់ Fit ទេ បើនិយាយពីគីឡូឥឡូវ៨២ទៅហើយ។ អញ្ចឹងខ្ញុំត្រូវជម្នះរឿងទម្ងន់មួយសិន ដែលជារឿងចម្បងជាងគេ បើសិនធ្វើទម្ងន់បាន នឹងព្យាយាមខាងកាយសម្បទាឲ្យល្អបន្ថែមទៀត អាចផ្លុំវិញកើតហើយ ចំពោះបច្ចេកទេសអត់បញ្ហាទេ ព្រោះខ្ញុំចូលរួមគ្រប់វគ្គអាជ្ញាកណ្ដាល អត់ដែលរំលងទេ»។
ក្រៅពីបញ្ហាប្រឈមទាំងនេះលោក ថោង ច័ន្ទកិត្រា ក៏ជួបបញ្ហាប្រឈមមួយទៀតគឺនៅមានការងារផ្ទាល់ខ្លួនជាច្រើន ដែលអាចបង្អាក់បំណងវិលត្រលប់មកពិភពបាល់ទាត់។ លោកកំពុងដំណើរភោជនីយដ្ឋានមួយកន្លែងនៅចំការដូង និង រមណីយដ្ឋានកែច្នៃមួយទៀត នៅម្ដុំព្រែកកំពឹស។ «ពិបាកមួយទៀតរឿងពេលវេលាតែម្ដង ខ្ញុំត្រូវមើលការខុសត្រូវមុខរបរ ២កន្លែងផ្សេងគ្នា ដល់អញ្ចឹងពិបាកឆ្លៀតមែនទែន។ យ៉ាងណាមិនទាន់បោះបង់ចិត្តនេះទេ សាកល្បងបន្តិចម្ដងៗព្យាយាមសន្សឹមៗសិន លទ្ធផលយ៉ាងណាចាំគិតទៀត»។ អាជ្ញាកណ្តាលរូបនេះបន្ត។
លោក ថោង ច័ន្ទកិត្យា បានជាប់ឈ្មោះជាអាជ្ញាកណ្ដាល FIFA នៅឆ្នាំ២០១០ ហើយលោកធ្លាប់ធ្វើការក្នុងប្រកួតអន្តរជាតិជាច្រើនជុំវិញទ្វីបអាស៊ី បូកទាំងប្រកួតនានានៅក្នុងតំបន់អាស៊ាន។ ដឹកនាំប្រកួតលើឆាកអន្តរជាតិគឺលោកបានធ្វើជាអាជ្ញាកណ្ដាលទី៤ក្នុងប្រកួតជម្រុះពានរង្វាន់ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ីជុំទី២ក្នុងឆ្នាំ២០១៥ រវាងក្រុមម្ចាស់ផ្ទះកូរ៉េខាងជើង ជាមួយក្រុមម្ចាស់ផ្ទះ កូរ៉េខាងជើង ជាមួយក្រុមយេមេន៕
Source: Kampuchea Thmey Daily
0 Comments