តុលាការមួយនៅកណ្តាលប្រទេសវៀតណាមបានដាក់គុកសកម្មជនម្នាក់រយៈពេល១២ឆ្នាំដោយចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ពីមេធាវីរបស់គាត់ប៉ុន្មានថ្ងៃបន្ទាប់ពីសកម្មជនសិទ្ធិមនុស្សពីរនាក់ត្រូវបានរារាំងមិនឲ្យចូលរួមកិច្ចប្រជុំមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង ហាណូយ។
ថ្វីបើមានកំណែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយនិងការបើកចំហកាន់តែខ្លាំងចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏គណបក្សកុម្មុយនិស្តកាន់អំណាចរបស់ប្រទេសវៀតណាមនៅតែរក្សាការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹងនិងមិនអត់ឱនឲ្យការរិះគន់ឡើយ។
មេធាវី Nguyen Van Mieng បាននិយាយថា នៅក្នុងការកាត់ក្តីកាលពីថ្ងៃពុធក្នុងខេត្ត Quang Binh, លោក Nguyen Trung Truc អាយុ៤៤ឆ្នាំក៏បានទទួលទោសឃុំខ្លួនក្នុងផ្ទះរយៈពេល៥ឆ្នាំផងដែរបន្ទាប់ពីការជាប់គុក។
លោកបានបន្ថែមថា លោក Truc ដែលមិនបានសារភាពទោសកំហុសនិងមិនយល់ស្របចំពោះខ្លឹមសារនៃការចោទប្រកាន់នោះគឺនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។
មេធាវីរូបនេះបាននិយាយថា “គាត់បាននិយាយថា គាត់កំពុងប្រយុទ្ធដើម្បីបរិស្ថាននិងដើម្បីសិទ្ធិមនុស្សមិនមែនចង់ផ្តួលរំលំរដ្ឋាភិបាលទេ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសក្នុងខេត្តនេះបាននិយាយថា លោក Truc ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុនគឺស្ថិតក្នុងចំណោមក្រុមមួយដែលបង្កើត “ចលនាដើម្បីលទ្ធិប្រជាធិបតេយ្យ” ក្នុងឆ្នាំ២០១៣ដែលធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលក្នុងគោលបំណងបង្កើតប្រជាធិបតេយ្យពហុបក្សនៅប្រទេសវៀតណាម។
ប្រទេសវៀតណាមនៅសប្ដាហ៍នេះបានបដិសេធក្រុមសកម្មជនពីការចូលរួមកិច្ចប្រជុំដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយដែលត្រូវបានគេចាត់ទុកថាជាការជួបជុំការទូតធំបំផុតរបស់ប្រទេសនៅឆ្នាំនេះ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments