ភ្នំពេញ ៖ តារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ ខណៈពេលមានការបង្ហោះចែករំលែក និង លើកសរសើរពីសមត្ថភាពនៃការច្រៀងរបស់នារីរូបស្រស់ម្នាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ ភ្លាមៗនេះលោក ណុប បាយ៉ារិទ្ធ ក៏បានបន្តយកឃ្លីបវីដេអូមួយនេះស៊ែរចែករំលែកភ្ជាប់ជាមួយការលើកសរសើរផងដែរ។
វីដេអូចម្រៀង ដែលមានរយៈពេលជិតកន្លះម៉ោងបង្ហាញឲ្យឃើញពីសកម្មភាពនៃការចម្រៀង-រាំសប្បាយពីសំណាក់នារីខាងលើនេះដែរ កាលពីថ្មីៗនេះ ក្រៅពីការបញ្ចេញទស្សនៈលើកសរសើរថាច្រៀងបានពីរោះនោះដែរ ក៏មានមហាជនមួយចំនួនយល់ថា នាងអាចអ្នកចម្រៀងអាជីពប្រចាំនៅផលិតកម្មណាមួយទៀតផង ប៉ុន្តែបើតាមការពិតគឺនារីរូបនេះពិតជាមានអាជីពជាអ្នកចម្រៀងមែនពោលគឺច្រៀងតាមវង់តន្ត្រីអកកេះ ឬអកការដង់ជាដើម។
មិនខុសគ្នាពីមហាជននោះទេ តារាចម្រៀងប្រុសកូនកាត់ចិនលោក ណុប បាយ៉ារិទ្ធ ក៏បានបញ្ចេញចំណាប់អារម្មណ៍គាំទ្រ និងលើកសរសើរចំពោះសមត្ថភាព និងទឹកដមសំឡេងរបស់នារីរូបនេះផងដែរ។ ខណៈលោកលើកឡើងថា កម្ររកសំឡេងឯណាមកប្រៀបផ្ទឹមបានណាស់គឺនាងច្រៀងបានច្បាស់ និងពុំមានការភ្លាត់ភ្លាំងសំឡេងឡើយ។
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានលើកសរសើរបែបនេះថា ប្អូនស្រីម្នាក់ធាត់ សំឡេងធម្មជាតិ មិនប្រឹង ទឹកដមល្អណាស់ ពិសេសអត់មានស្ទើរ ឬភ្លាវអីតិចសោះ កម្លាំងល្អណាស់ tuneសំឡេងបែបនេះគឺកម្ររកណាស់ គឺមានតែអ្នកមីង ឆោម ឆវិន ទេ។ ក្រោយពេលទទួលបានបានការលើកសរសើរដូច្នេះក៏មានម្ចាស់Account Facebook ឈ្មោះ Rachana Rath ដែលត្រូវគេគិតថាជាម្ចាស់សំនៀង បានចេញមុខឆ្លើយតបថាពិតជាអគុណខ្លាំងណាស់បងប្រុសដែលបានសរសើរនិងលើកទឹកចិត្តដល់ប្អូន។ អគុណខ្លាំងណាស់ប្អូនរំភើបរកអ្វីនិយាយមិនត្រូវទេ អគុណ my idol។
ភ្លាមៗនេះបន្ទាប់ពីមានការឆ្លើយតបតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា បងនិយាយការពិតតើអូន រាល់លើកដែលទៅចូលរួមកម្មវិធីមង្គលការឃើញអូនច្រៀងបងចង់សរសើរផ្ទាល់មាត់ តែអត់ដែលបានទៅជួបសោះឃ្វាងរហូត។ សំឡេងអូនល្អណាស់ ព្យាយាមថែរក្សាអោយបានល្អ ជូនពរប្អូនអោយជោគជ័យ និងមានអ្នកគាំទ្រអោយកាន់តែច្រើន៕
Source: Kampuchea Thmey Daily
0 Comments