ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដែលអនុញ្ញាតឲ្យដាក់ទណ្ឌកម្មលើជនបរទេសរូបណាដែលជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីប្រទេសរុស្ស៊ីត្រូវរងការចោទប្រកាន់ថាបានជ្រៀតជ្រែកក្នុងយុទ្ធនាការឃោសនាប្រធានាធិបតី។
បញ្ជានេះបានបង្កើតជាដំណើរការផ្លូវការមួយដើម្បីវាយប្រហារអាជីវកម្មនិងទ្រព្យសម្បត្តិរបស់បុគ្គលរូបណាដែលគេមើលឃើញថាព្យាយាម Hack ចូលប្រព័ន្ធបោះឆ្នោតនិងអ្នកដែលផ្សព្វផ្សាយពត៌មានមិនពិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងអ៊ីនធឺណិតដែលករណីទាំងពីរនេះបានកើតឡើងក្នុងការបោះឆ្នោតឆ្នាំ២០១៦។
៥៥ថ្ងៃមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅថ្ងៃទី៦ខែវិច្ឆិកា ក្រុមមន្ត្រីបាននិយាយថា ពួកគេមើលឃើញការប៉ុនប៉ងជ្រៀតជ្រែកមួយចំនួនចេញពីប្រទេសរុស្ស៊ី ចិននិងបណ្តាប្រទេសដទៃទៀត។
លោក Trump បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងចាត់វិធានការខ្លាំងក្លាដើម្បីធានាដល់ប្រព័ន្ធបោះឆ្នោតនិងដំណើរការរបស់យើង”។
ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា ទង្វើរបស់លោក Trump មិនមានភាពរឹងមាំគ្រប់គ្រាន់ទេ។
នៅក្នុងសេចក្តីប្រកាសរបស់គាត់ លោក Trump បានច្រានចោលជាថ្មីម្តងទៀតចំពោះគំនិតដែលថា ជ័យជំនះឆ្នាំ២០១៦របស់គាត់ត្រូវបានជួយដោយការជ្រៀតជ្រែកពីបរទេស។
លោកបាននិយាយថា “មិនមានភស្តុតាងណាមួយបង្ហាញថា អំណាចបរទេសបានផ្លាស់ប្តូរលទ្ធផលឬរៀបចំការបោះឆ្នោតនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ”។
លោក Dan Coats អគ្គនាយកស៊ើបអង្កេតជាតិអាមេរិកបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងចាត់ទុកឧប្បត្តិហេតុឆ្នាំ២០១៦ថាជាសញ្ញាព្រមានមួយសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨និងឆ្នាំ២០២០។
លោកថ្លែងថា “យើងបានឃើញសញ្ញាថា មិនមែនត្រឹមតែរុស្ស៊ីទេប៉ុន្តែក៏ពីប្រទេសចិននិងអ៊ីរ៉ង់និងសូម្បីតែកូរ៉េខាងជើងផងដែរដែលព្យាយាមចូលជ្រៀតជ្រែករហូតដល់ឆ្នាំនេះ”។
ប្រមុខចារកម្មអាមេរិកបានប្រកាសនៅខែមករាឆ្នាំ២០១៧ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងតាមរយៈការ Hack និងបន្លំតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្កើនឱកាសរបស់លោក Trump ក្នុងឆ្នាំ២០១៦ដើម្បីកម្ចាត់លោកស្រី Hillary Clinton ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ៕ AFP
Source: Kampuchea Thmey Daily
0 Comments